ខ្សែច្រវាក់ផ្គត់ផ្គង់នៃទីផ្សារសកលកំពុងផ្លាស់ប្តូរពីប្រទេសចិន តើកម្ពុជានឹងមានលទ្ធភាពក្នុងការចាប់ឱកាស១នេះដែរទេ?
ការធ្វើពិពិធកម្មយ៉ាងឆាប់រហ័សនៃផលិតកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ នឹងកំណត់ឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារតំបន់នេះកំពុងលេចធ្លោជាអ្នកទទួលផលសំខាន់។ ក្រុមហ៊ុនចិនកំពុងអនុវត្តយុទ្ធសាស្រ្តចិនបូកមួយកាន់តែខ្លាំងឡើង ហើយតាមរយៈយុទ្ធសាស្ត្រនេះ មូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិនត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ យុទ្ធសាស្ត្រនេះ គួបផ្សំនឹងការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) កំពុងហូរចូលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានប្រែក្លាយតំបន់នេះទៅជាមហាអំណាចផលិតកម្មថ្មី នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ Asiapropertyawards នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤។
កម្លាំងនៅពីក្រោយការផ្លាស់ប្តូរទីតាំងផ្គត់ផ្គង់ខ្សែច្រវាក់ផលិតផលថ្មី
យុទ្ធសាស្ត្រចិន+១ ទទួលបានសន្ទុះ៖ ក្រុមហ៊ុនចិន កំពុងពង្រីកទីតាំងផលិតទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើពិពិធកម្មការប្រឈមហានិភ័យ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្រ្តឆ្ពោះទៅរកឧស្សាហកម្មដែលកំពុងរីកចម្រើន រួមទាំងការផលិតឧបករណ៍កម្រិតខ្ពស់ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មានវិទ្យា វេជ្ជសាស្ត្រ វិទ្យាសាស្ត្រជីវិត យានយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។ លោក Yin Hong ប្រធានផ្នែកភស្តុភារ និងឧស្សាហកម្មនៅ JLL China បាននិយាយថា “នៅអាស៊ីប៉ាស៊ីហ្វិក និន្នាការជិតស្និទ្ធជាមួយនឹងប្រទេសជាដៃគូនេះ បានបណ្តាលឱ្យមានយុទ្ធសាស្រ្តចិនបូក១ ដែលក្រុមហ៊ុនចិនបានបន្ថែមមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីការពារការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចេញពីការពឹងផ្អែកខ្លាំងលើប្រទេសតែមួយ»។
លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងយុទ្ធសាស្ត្រចិន+១
យុទ្ធសាស្ត្រ China+1 លើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ការកើនឡើងតម្លៃពលកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ បានបង្កើនល្បឿននិន្នាការនេះ ។ ជាមួយនឹងតម្លៃពលកម្មដែលមានការប្រកួតប្រជែង និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាជម្រើសមួយក្នុងចំណោមប្រទេសគោលដៅអាស៊ានផ្សេងទៀត។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កម្ពុជាឈានដល់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដែលជំរុញដោយក្រុមហ៊ុនចិនដែលមានភាគហ៊ុនប្រហែល ៩០% នៃរោងចក្រសម្លៀកបំពាក់របស់ប្រទេស។ សន្ទុះនេះ ត្រូវបានគាំទ្របន្ថែមទៀតដោយឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកប្រហែល ៤០% ដល់ GDP របស់កម្ពុជា។ ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា កំពុងពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម។
កំណើនសេដ្ឋកិច្ច និងការវិនិយោគបរទេស៖ លក្ខណៈអំណោយផលមួយទៀតរបស់កម្ពុជា នោះគឺវិស័យផលិតកម្មរបស់ប្រទេសកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជំរុញដោយការវិនិយោគបរទេសដ៏រឹងមាំ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជា កំពុងវិនិយោគយ៉ាងខ្លាំងលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើផ្លូវថ្នល់ កំពង់ផែ និងបណ្តាញភ័ស្តុភារ ដើម្បីគាំទ្រដល់វិស័យផលិតកម្មរបស់ខ្លួន។ ហេដ្ឋារចនាសម្ព័ន្ធដែលប្រសើរឡើង គឺមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព ដែលអាចឱ្យប្រទេស ទាក់ទាញក្រុមហ៊ុនផលិតទូទាំងពិភពលោកដែលស្វែងរកប្រសិទ្ធភាពប្រតិបត្តិការ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ដែលចូលជាធរមានតាំងពីខែមករា ឆ្នាំ២០២២ លុបបំបាត់ពន្ធលើទំនិញស្ទើរតែទាំងអស់ដែលបានជួញដូររវាងប្រជាជាតិទាំងពីរ ធ្វើឱ្យកម្ពុជាកាន់តែភាពទាក់ទាញជាងមុនសម្រាប់អ្នកវិនិយោគចិន។ លើសពីនេះ ការចូលរួមរបស់កម្ពុជាក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានជំរុញទំហំពាណិជ្ជកម្មជាមួយប្រទេសជាសមាជិក បានជាង ២៨% គឺឈានដល់ ៨,១៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងទាំងនេះ ផ្តល់នូវលទ្ធភាពទទួលបានទីផ្សារយ៉ាងរលូន និងកាត់បន្ថយថ្លៃដើមនាំចូលសម្រាប់សម្ភារៈផលិតកម្មសំខាន់ៗ។
ទីតាំងភូមិសាស្រ្តជាយុទ្ធសាស្ត្ររបស់កម្ពុជា គោលនយោបាយពាណិជ្ជកម្មគាំទ្រ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលយ៉ាងសកម្ម កំពុងជំរុញឱ្យប្រទេសនេះប្រែជាទិសដៅដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនផលិតដែលប្រកាន់យកយុទ្ធសាស្រ្តចិនបូក១។ ការផ្លាស់ប្តូរនេះបញ្ជាក់ពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍៕
- Video Advertisement -