គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបប្រជុំជាមួយលោក Rob Calia អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាលនៅក្រុមហ៊ុន Medline។ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងឧស្សាហកម្មផលិតឧបករណ៍វេជ្ជសាស្ត្រដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីឧត្តមភាពវិនិយោគជូនថ្នាក់ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្សដែលមានវ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការក្នុងវិស័យផលិតកម្មវេជ្ជសាស្ត្របាន។

លើសពីនេះ ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុន Medline ឱ្យពង្រីកការផ្គត់ផ្គង់ផលិតផលវេជ្ជសាស្ត្រដែលផលិតនៅប្រទេសកម្ពុជា និងពិចារណាវិនិយោគដោយផ្ទាល់នៅក្នុងរោងចក្រផលិតនៅប្រទេសកម្ពុជា។

ជាងនេះទៅទៀតឯកឧត្តមក៏បានសង្កត់ធ្ងន់លើឱកាសក្នុងការផលិតរបស់របរដែលមានតម្រូវការខ្ពស់ ដូចជាស្រោមដៃ ឧបករណ៍វះកាត់សម្រាប់ការប្រើតែម្តងគត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបន្ថែមថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកទេសផលិតគុណភាពខ្ពស់ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Medline គឺជាក្រុមហ៊ុនឯកជនធំជាងគេមួយនៅសហរដ្ឋអាមេរិក ដែលមានជំនាញក្នុងការផលិត និងចែកចាយឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលថែទាំសុខភាពជាង ៣៣៥,០០០ ប្រភេទ ក៏ដូចជាផ្តល់ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ស្ថាប័នថែទាំសុខភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយ […]

ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្ប […]

វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស

ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិ […]

កម្ពុជាលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១៩ ក្រោមទុន $២៧៦ លាន ពិសេសក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុបានបន្តទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរ […]

បណ្តាក្រុមហ៊ុនធំៗចំនួន១៤ កំណត់ថាប្រទេសកម្ពុជាជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់

បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួ […]