គណៈរដ្ឋមន្រ្តីសម្រេចកាត់ដីបឹងតាមោក ១៥ហិកតា សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទថ្មី

ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍កាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ នេះបើយោងតាមលិខិត ៧៩០ សជណ. មយ ចុះថ្ងៃទី ១ កញ្ញា កន្លងមកនេះ។

លិខិតមួយច្បាប់នេះ ត្រូវផ្ញើទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការសំណើជាបន្ត។

លិខិតបានចែងថា៖ រដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់យកទីតាំងផ្ទៃដីបឹងតាមោកបឹង (កប់ស្រូវ)ទំហំ ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ សម្រាប់រៀបចំសាងសង់ អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

លើសពីនេះ លិខិតនេះក៏បានសម្រេចធ្វើប្រទានកម្មផ្ទៃដីបឹងតាមោកជាង ៨ ហិកតា នៅក្នុងសង្កាត់គោករកា ជូនលោក សេង វុទ្ធី គ្រប់គ្រងជាកម្មសិទ្ធិ ផងដែរ។

គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដីនេះច្រើនដងមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០ នេះ រដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំជិត ៣០០ ហិចតា ដើម្បីសាងសង់អគ្គបញ្ជាការដ្ឋាននៃកងទ័ពថ្មី។ (អានបន្ថែម)

កាលពីថ្ងៃទី ២៧ មេសា ២០២០ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣០ ហិកតា ទៅឱ្យលោកស្រី គីម ហ៊ាង ជាមួយនឹងផ្ទៃដីនៅទីតាំងដី ៣ កន្លែងផ្សេងៗគ្នាទៀត។ (អានបន្ថែម)

កាលពីដើមខែមិនា ផ្ទៃដីបឹងតាមោក ទំហំ ៨៣ហិកតា ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម)

ឯកាលពីខែ សីហា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល ក៏បានយល់ព្រម ជាគោលការណ៍យកដីចំនួន ២០ ហិកតា នៃបឹងតាមោក សាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។

- Video Advertisement -