គម្រោងកែលម្អ និងស្តារប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០%
គិតមកដល់ពេលនេះវឌ្ឍនភាពការងារអនុគម្រោងកណ្តាលស្ទឹង-បាទី នៃគម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០% ហើយ។
នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ពេជ្រ វាសនា បានបញ្ជាក់ថា អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានការងារសំខាន់ៗដូចជា៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣ កន្លែង។
បន្ថែមពីនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ខណៈឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកផងដែរ។
សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ចែកជាពីរអនុគម្រោង ទី១)អនុគម្រោងរលាំងជ្រៃ និងទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ការអភិវឌ្ឍន៍ប្រកបដោយភាពជោគជ័យនៃហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការកែលម្អប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ ដោយត្រួសត្រាយផ្លូវសម្រាប់ការលើកកម្ពស់ផលិតភាពកសិកម្ម និងការគ្រប់គ្រងធនធានទឹកក្នុងតំបន់៕
- Video Advertisement -