គម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។

លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា។

ដើម្បីធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទាំងក្នុងតំបន់និងទូទាំងពិភពលោកឱ្យកាន់តែល្អប្រសើរ កំពង់ផែបានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយរួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ។

បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្ដល់កម្ចីសម្បទានដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដែលគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ និងគម្រោងជំហានទី៣មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឱ្យនាវាចូលចតមានជម្រៅទឹកត្រឹមតែ ៩,២ម៉ែត្ រចេញចូលនៅទីនេះបានប៉ុណ្ណោះ ។

- Video Advertisement -