គម្រោងថាមពលពន្លឺព្រះអាទិត្យធំៗ ធ្វើឱ្យអាស៊ីអាគ្នេយ៍ នាំមុខគេក្នុងលោកលើវិស័យ ថាមពលកកើតឡើងវិញ

តំបន់អាស៊ីអាគ្នេយ៍ បន្តនាំមុខគេលើវិស័យថាមពលកកើតឡើងវិញជាមួយនឹងគម្រោងថាមពលពន្លឺព្រះអាទិត្យសំខាន់ៗនៅទូទាំងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងថៃ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់នេះ ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយនឹងគោលដៅបង្កើនសមត្ថភាពថាមពលកកើតឡើងវិញឱ្យបាន ៣៥% នៅត្រឹមឆ្នាំ ២០២៥ ដែលរដ្ឋសមាជិកអាស៊ានកំណត់ បច្ចុប្បន្នតំបន់នេះមានថាមពល ២៨GW បានមកពីប្រភពថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់៩% នៃសមត្ថភាពផលិតអគ្គិសនីសរុបនៅទូទាំងតំបន់ទាំងមូល នេះបើយោងតាម Saurenergy ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ប្រភពថាមពលស្អាតដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងជីវម៉ាស ត្រូវបានគេរំពឹងថានឹងឆ្លើយតបលើសពីមួយភាគបីនៃតម្រូវការថាមពលរបស់អាស៊ាននៅឆ្នាំ ២០៣៥។

រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅ Tay Ninh ប្រទេសវៀតណាម គឺជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិត ៥០០MW ។ ស្ថានីយថាមពលនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលជាច្រើន និងបានដំណើរការនៅឆ្នាំ ២០១៩ និងផ្គត់ផ្គង់ថាមពលទៅឱ្យក្រុមហ៊ុន Vietnam Electricity ក្រោមកិច្ចព្រមព្រៀងទិញរយៈពេល ២០ឆ្នាំក្នុងតម្លៃ USD ០,០៩៣/kWh ។ បន្ទាប់មក គឺសួន Trung Nam Solar PV Park ដែលមានសមត្ថភាពផលិតថាមពល ៤៥០ MW នៅក្នុងប្រទេសវៀតណាមផងដែរ ដែលសមត្ថភាពនេះ បានជួយយ៉ាងច្រើនដល់មហិច្ឆតាសម្រេចគោលដៅរបស់ប្រទេសនេះក្នុងការសម្រេចបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញឱ្យបានដល់ចំនួន ២០% នៅត្រឹមឆ្នាំ ២០៣០។

ប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៃគម្រោងថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គឺរោងចក្រថាមពលពន្លឺព្រះអាទិត្យ Cirata Floating Solar Power Plant ដែលមានសមត្ថភាពផលិត ១៩២ MWp លាតសន្ធឹងលើផ្ទៃដី ២៥០ ហិកតានៃអាងស្តុកទឹក Cirata នៅកោះជ្វាខាងលិច។ ទន្ទឹមនឹងនេះ ហ្វីលីពីនបានរួមចំណែកជាមួយស្ថានីយ Solar Philippines Concepcion Solar PV Park ដែលជាកន្លែងផ្គត់ផ្គង់ថាមពលអគ្គិសនី ១៥០ MW ដល់ Manila Electric ក្រោមកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំក្នុងតម្លៃ USD ០,០៥៨/kWh ។

នៅប្រទេសថៃ សួនថាមពលពន្លឺព្រះអាទិត្យ Phitsanulok-EA Solar PV Park ទំហំ១៣៣,៩ MW ដែលមានសមត្ថភាពផលិតថាមពលបាន ១២៩.០៥៣ MWh ក្នុងមួយឆ្នាំ។ គ្រប់គ្រងដោយក្រុមហ៊ុន Energy Absolute Public គម្រោងនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការពង្រីកសមត្ថភាពកកើតឡើងវិញ។ នៅឆ្នាំ ២០២៦ ការធ្វើឱ្យប្រសើរឡើងបន្ទាប់ពីការផុតកំណត់នៃកិច្ចព្រមព្រៀងទិញដំបូង គម្រោងនេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយអត្រាថាមពលបន្ថែមទៀត បង្កើនប្រសិទ្ធភាព និងទិន្នផល។

ដោយឡែកសម្រាប់នៅកម្ពុជា ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បានបោះជំហានយ៉ាងវែងឆ្ងាយ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅនៃប្រភពថាមពល ៧០% ពីប្រភពថាមពលកកើតឡើងវិញ នៅត្រឹមឆ្នាំ ២០៣០។ គិតមកទល់នឹងពេលនេះ ជាង ៦២% នៃការផលិតអគ្គិសនីរបស់កម្ពុជាបានមកពីថាមពលកកើតឡើងវិញ ក្នុងនោះមានថាមពលវារីអគ្គិសនីលើសលុប (ប្រមាណ ៥២,៩៣%) និងថាមពលព្រះអាទិត្យ (ប្រហែល ៦%)។ រាជរដ្ឋាភិបាល ទើបនឹងបានអនុម័តគម្រោងថាមពលថ្មីចំនួន ២៣ ដែលមានទុនវិនិយោគសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាមេរិក រួមទាំងគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ១២ និងគម្រោងថាមពលខ្យល់ចំនួន ៦ ដែលនឹងបូកបញ្ចូលគ្នានូវសមត្ថភាពថាមពលស្អាតប្រមាណ ៣.៩៥០ MW ។ គួរកត់សម្គាល់ថា កម្ពុជាគ្រោងនឹងបញ្ចូលថាមពលខ្យល់ទៅក្នុងបណ្តាញជាតិរបស់ខ្លួននៅឆ្នាំ ២០២៦ ជាមួយនឹងគម្រោងខ្យល់ចំនួន ៦ នៅក្នុងខេត្តមណ្ឌលគិរី និងភ្នំបូកគោដែលរំពឹងថានឹងផលិតថាមពលបាន ៩០០ មេហ្គាវ៉ាត់។ កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តមានគោលបំណងមិនត្រឹមតែលើកកម្ពស់សន្តិសុខថាមពលជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ ស្របពេលជាមួយគ្នានោះនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមថាមពលស្អាតផងដែរ។

ប្រទេសអាស៊ាន កំពុងបន្តដំណើរស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅថាមពលកកើតឡើងវិញ ដែលជំរុញដោយគោលនយោបាយគាំទ្រ និងការវិនិយោគដែលកំពុងបន្ត។ ជាមួយនឹងគម្រោងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ដែលមានសមត្ថភាពសរុបចំនួន ៦,៣ GW ដែលកំពុងសាងសង់ និងគម្រោងបន្ថែមចំនួន ១០,៧ GW ដែលរំពឹងទុកសម្រាប់ឆ្នាំ ២០២៥ ប្រទេសក្នុងតំបន់អាស៊ានកំពុងត្រៀមខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយលក្ខណៈបរិវត្តភាព ដោយពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំថាមពលកកើតឡើងវិញរបស់ពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]