គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យមានការសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅ ដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារ ដែលជាថវិកាជាតិ។ (អានបន្ថែម)
គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសអត្រាចំណេញខាងផ្នែកសេដ្ឋកិច្ច (EIIR) មានកម្រិតខ្ពស់រហូតដល់ទៅប្រមាណ ២០ភាគរយ។ លើសពីនេះ ផ្លូវថ្មីនេះនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1) ដែលជួយសម្រួលបន្ទុកចរាចរណ៍ដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា ថៃ និងវៀតណាម។ (អានបន្ថែម)





- Video Advertisement -