គម្រោងវិនិយោគថាមពលដើរដោយខ្យល់ នឹងសម្រេចការព្រមព្រៀងក្នុងឆ្នាំនេះ

ក្រុមហ៊ុនថាមពលកកើតឡើងវិញមកពីប្រទេសបារាំង Blue Circle គ្រោងវិនិយោគលើថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ បន្ទាប់ពីបញ្ចប់ការសិក្សាកាលដើមឆ្នាំ។

យោងតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន  Blue Circle គ្រោងវិនិយោគបង្កើតថាមពលដើរដោយថាមពលខ្យល់ ដែលមានអនុភាព ប្រមាណ៨០មេហ្គាវ៉ាត នៅលើភ្នំបូកគោ ខេត្តកំពត។

អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល លោក វ៉ិចទ័រ ហ្សូណា បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា ការចរចារតម្លៃលក់ថាមពលចេញថាមពលខ្យល់ជាមួយក្រុមហ៊ុន គ្រោងធ្វើក្នុងពេលខាងមុខឆាប់ៗនេះ។

លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “Blue Circle ជាក្រុមហ៊ុនមកពីប្រទេសបារាំង ហើយក្រសួងបានចេញលិខិតអនុញ្ញាតឲ្យគាត់ ធ្វើការសិក្សានៅក្នុងខេត្តកំពត គឺនៅបូកគោ ហើយនិងខេត្តមណ្ឌលគីរី។ ប៉ុន្តែដោយឡែក យើងឃើញសក្តានុពលនៅបូកគោល្អ ហើយគាត់ អាចនឹងធ្វើការវិនិយោគជំហានដំបូង៨០មេហ្គាវ៉ាតៗ”។

ទំហំនៃការវិនិយោគថាមពលដើរដោយខ្យល់ ចំណាយប្រមាន២ ទៅ៣លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត។

ទោះបីគម្រោងនេះ អាចនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ ដំបូងគេបង្អស់នៅកម្ពុជា លោក វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា ការចរចារតម្លៃថាមពលលក់ចេញអោយអគ្គិសនីកម្ពុជា ជារឿងចាំបាច់ ដោយសារអគ្គិសនីកម្ពុជាចង់បានប្រភពថាមពលដែលមានតម្លៃថោក ដើម្បីលក់ចេញឲ្យអ្នកប្រើប្រាស់ក្នុងតម្លៃថោក ឲ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ជូនថា បច្ចុប្បន្នអគ្គិសនីកម្ពុជា ទិញអគ្គិសនីពីប្រភពថាមពលស្អាត ពន្លឺព្រះអាទិត្យ ឬហៅថាសូឡា ពីអ្នកវិនិយោគ ក្នុងតម្លៃ ៧សេន ($0.076) ក្នុងមួយគីឡូវ៉ាត់ម៉ោង៕

source: Blue Circle

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]