គម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ
ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។
នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ ឯកឧត្តមអភិបាល បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យបានយល់ដឹងពីបញ្ហាសំរាម ពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់ធ្វើការដឹកជញ្ជូន។
គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះ មានផ្ទៃដីទំហំសរុប ៨.១៥ហិកតា ដែលក្នុងនោះទីលានសម្រាប់ទុកដាក់សំរាមមានទំហំត្រឹមតែ ១.៣ហិកតា និងសំណង់ហេដ្ឋារចនាផ្សេងៗទៀតរួមមាន៖ ការសាងសង់អាងប្រព្រឹត្តិកម្មទឹករងៃចំនួន ៤អាង, ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ មានប្រវែង ២.២១៨ម៉ែត្រ, ផ្លូវបេតុងនៅក្នុងទីលាន ប្រវែង ១.២៤៤ម៉ែត្រ, និង ច្រកទ្វារចូល និងរបង មានប្រវែង ៣.០១០,២៦ម៉ែត្រ។
ជាងនេះទៅទៀត ក៏នៅមានកាសាងសង់សំណង់ចាំបាច់មួយចំនួនដូចជា៖ ប៉ុស្តិ៍យាម១កន្លែង ទំហំ ៣.៥x២.៥ម៉ែត្រ, អគារការិយាល័យ និងកន្លែងស្នាក់នៅកំពស់ ២ជាន់ ទំហំ២៥x១២ម៉ែត្រ ចំនួន១អគារ, កន្លែងថ្លឹងរថយន្ត 40t-60t ទំហំ ១៩x៦ម៉ែត្រ ចំនួន ១កន្លែង, អគារញែកសំរាម (MRF) ទំហំ ៣៥x២៦ម៉ែត្រ ចំនួន១អគារ, អគាររោងជាង ទំហំ ៣១x១០ម៉ែត្រ ចំនួន១អគារ, អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន ទំហំ ១៥x១២ម៉ែត្រ ចំនួន១អគារ, អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២) ទំហំ ១០x៦ម៉ែត្រ ចំនួន១អគារ, កន្លែងលាងសម្អាតរថយន្ត ទំហំ ៣១x៣.៥ម៉ែត្រ ចំនួន ១អគារ, អគារធ្វើជីកំប៉ុស (composting) ទំហំ ៣៥x២៦ម៉ែត្រ ចំនួន១អគារ, រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ ទំហំ ៣៥x៣៥ម៉ែត្រ ចំនួន ១កន្លែង, និងប្រព័ន្ធសូលាថាមពលព្រះអាទិត្យ ៦០KW ចំនួន ១កន្លែង ។
គួររំលឹកថា គម្រោងមួយនេះត្រូវការរយៈពេល ១៧ខែ សម្រាប់ការសាងសង់ ដោយបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ (អានបន្ថែម)




- Video Advertisement -