គម្រោងសង់ផ្លូវថ្មីភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោសម្រេចបាន៣០% ក្រោយឈូសឆាយចប់១០០%
គិតរហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០% ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម)
នេះបើយោងតាមលោក ស្វាយ វុឌ្ឍី តំណាងក្រុមហ៊ុន សុខា អូតែល បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយក្នុងឱកាសឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា ដល់ពេលនេះ ការសាងសង់ផ្លូវថ្មីមួយខ្សែនេះសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហានៗបន្តទៀត។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវម៉ាកាដាំជាមុនសិន អាស្រ័យតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន ដោយធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានបណ្តោះអាសន្នជាមុនសិន។
«ក្រោយឈូសឆាយចប់ ផ្លូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ ក្នុងល្បឿន១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង» លោកបន្ថែម។
លោកបានឱ្យដឹងទៀតថា តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទទឹង ៣,៥ម៉ែត្រ ចំនួន ២គន្លង ផ្លូវម៉ូតូទទឹង៣ម៉ែត្រ សងខាងចំនួន ២គន្លង និងចិញ្ចើមផ្លូវទទឹង ៣,៥ម៉ែត្រសងខាង ដែលសាងសង់ជាផ្លូវក្រាលកៅស៊ូ (AC)។
លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងចាក់បន្ថែមនូវកម្រាលបេតុងកម្រាស់ ២០០មីលីម៉ែត្រ ហើយអ៊ុតកៅស៊ូពីលើផងដែរ ដោយសារស្ថានភាពដីបត់បែនឡើងចុះនៅទីនោះ និងដើម្បីធានាភាពរឹងមាំយូរអង្វែងផង។
គួរបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតិឱ្យសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដោយសាងសង់ដោយក្រុមហ៊ុន សុខា រៀល អ៊ីស្តេត ឯ.ក។ ក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ ឈូសឆាយ សម្អាត ចេញជាគន្លងតួផ្លូវសម្រេចបាន ១០០ភាគរយហើយ៕
រូបភាពដោយ CCT
- Video Advertisement -