គម្រោងសង់់ និងស្ដារប្រព័ន្ធរំដោះទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត ៣ទៀត សម្រេចបានជិត ១០០%
រដ្ឋាភិបាលកម្ពុជា បានបង្ហាញឱ្យដឹងនូវវឌ្ឍនភាពការងារអនុវត្តគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ ដែលសាងសង់បានជិត ១០០% ហើយ។ នេះបើតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។
ក្នុងនោះ គម្រោងរំដោះ និងពង្វាងទឹកនេះ សម្រេចវឌ្ឍនភាពបាន៖
- ប្រព័ន្ធរំដោះទឹកស្ទឹងតូច៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
- ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%
- ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លាគូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យ ធំ តូច សម្រេចបាន ៩៧%
- ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៨៧%
- ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។
បន្ថែមពីនេះ គម្រោងរំដោះ និងពង្វាងទឹកនេះ នឹងអាចរំដោះទឹកបានប្រមាណ ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី ដែលនឹងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដើម្បីសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ ៦៥% ដោយសុវត្ថិភាព។
តាមរយៈគម្រោងនេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ។
គួរបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ហើយការងារដែលត្រូវធ្វើរួមមាន ០៨ចំនុចសំខាន់ៗ៖
- ទី១. ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
- ទី២. ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល
- ទី៣. ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញ
- ទី៤. ប្រឡាយ៥៩ និង៩០ ប្រវែង ១៨,៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
- ទី៥. ប្រឡាយ៩៦ និងព្រែកគង់ ប្រវែង ៣៤គីឡូម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
- ទី៦. ព្រែកពាមសត្ថា ប្រវែង ១៨,៧គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងស្រុកពញាឮ រាជធានីភ្នំពេញ និងខេត្តកណ្តាល
- ទី៧. ប្រឡាយរលាំងជ្រៃ-ស្លាគូ ប្រវែង ៥៨,៤៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
- ទី៨. ប្រឡាយអូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ (អានបន្ថែម)
គម្រោងដ៏មានមហិច្ឆតានេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងទឹកជំនន់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា ដែលរួមចំណែកដល់ភាពធន់របស់ប្រទេសប្រឆាំងនឹងបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ។
- Video Advertisement -