គម្រោងស្តារប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៨៩% ហើយ
គិតមកដល់ដើមខែកញ្ញានេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ ៨៩% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារកំពុងអនុវត្តលើការងារសំខាន់ៗរួមមាន៖
ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺប្រវែង ១២,៥គីឡូម៉ែត្រ និងក្នុងខេត្តកណ្តាលប្រវែង ៣៨,៥គីឡូម៉ែត្រ និង
ទី២)ជួសជុល និងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹក (ទ្វារទឹក) ១កន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។
គួរបញ្ជាក់ថា អនុគម្រោងនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ខណៈគម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៩៥ភាគរយ ហើយ។ (អានបន្ថែម)
អនុគម្រោងនេះ អាចពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទីក្នុងខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។
ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងអនុវត្តគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ដែលត្រូវអនុវត្តជាបីជំហាន។
បច្ចុប្បន្ន ក្រសួង កំពុងអនុវត្តជំហានទី១ និងទី២ ដែលក្នុងនោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង។





- Video Advertisement -