គម្រោងស្ពានថ្មីឆ្លងទន្លេមេគង្គ ក្រចេះកំពង់ធំ សិក្សាបញ្ចប់ និងត្រៀមស្នើទៅចិន
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ ត្រូវបានអ្នកជំនាញសិក្សាសមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់ និងកំពុងបន្តនីតិវិធី ដើម្បីស្នើសុំជំនួយពីរដ្ឋាភិបាលចិន។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចួន ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ (ក្រចេះ-ត្បូងឃ្មុំ)។
លោកថា “ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន។”
ឯកឧត្តមទេស បានបញ្ជាក់ច្បាស់ៗថា ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ គម្រោងនេះបានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហានបន្ទាប់ គឺការដាក់សំណើគម្រោងទៅកាន់រដ្ឋាភិបាលចិនដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ មានប្រវែង សរុប ១៧៦១ ម៉ែត្រ និងគ្រោងសាងសង់នៅឆ្នាំ ២០២១ ដែលត្រូវបានក្រសួងសាធារណការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន ដែលបានលើកឡើងការពីសន្និសីទព័ត៌មានស្តីពីរបាយការណ៍ និងវឌ្ឍនភាពក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។
ចំពោះទីកន្លែងចំណុចសាងសង់ មានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕

