គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបងសម្រេចបាន ២៦%

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ គិតមកដល់បច្ចុប្បន្នសម្រេចបាន ២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។

គម្រោងទំនប់ទឹកនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងមួយ ស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ។ ទំនប់នេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣ ០០០ ហិកតា និងស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា ។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបាន និងកំពុងអនុវត្តរួមមានដូចជា៖ ទំនប់មេ (កម្ពស់ ៤៧ម ទទឹង ៨ម និងប្រវែង ៦៥៤ម) សំណង់បង្ហៀរ និងរូងទូនេលពង្វៀងទឹក (អង្កត់ផ្ចិត ៤ម និងប្រវែង៤៦២ម) សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នលើ និងក្រោម និងផ្លូវក្រាលថ្មភ្នំ ជាដើម។

ក្នុងឱកាសអញ្ជើញពិនិត្យគម្រោង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា៖ «នេះជាទំនប់ធំដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តនៅក្នុងប្រទេសកម្ពុជាពីមុនមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម»។

គួរបញ្ជាក់ផងដែរថា ទំនប់ដូនទ្រី ក៏នឹងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រីទៀតផង។

នេះគឺជាសមិទ្ធផលទី ២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងក្រុងបាត់ដំបងគ្រោងនឹងបញ្ចប់ឆ្នាំក្រោយ។ (អានបន្ថែម)

- Video Advertisement -