គម្រោងអភិវឌ្ឍន៍ធំៗជាង ២០០ គម្រោងត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែប
គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ នេះបើយោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៤ មករា កន្លងទៅ។
ប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ និងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ក្រោយវិបត្តិកូវីដ។
ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង បានឱ្យដឹងថា៖ «មានយុទ្ធសាស្ត្រគោលចំនួន ៩ ត្រូវបានចងក្រងឡើង ដោយរួមមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រ បែងចែកជា ៩៨ សកម្មភាព ឬស្មើនឹង ២៥១ គម្រោង។
លើសពីនេះ គណៈកម្មការក៏បានកំណត់យកប៉ូលទេសចរណ៍ធំៗចំនួន ៤ រួមមាន ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ ដើម្បីអភិវឌ្ឍគម្រោងទាំងអស់នេះ។
បើយោងតាមផែនការដំណាក់កាលដំបូង គម្រោងទាំងនោះ មានដូចជា ការបម្លែងតំបន់ស្រែអំបិលទៅជាសារៈមន្ទីរស្រែអំបិល គម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែប និងឆ្នេរអង្កោល ការបង្កើតឆ្នេរថ្មីមួយទៀត (លាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា) និងគម្រោងអភិវឌ្ឍន៍ដទៃជាច្រើនទៀត។
បន្ថែមពីនេះ អន្តរក្រសួងក៏បានឯកភាពគ្នាត្រួតពិនិត្យលើសេចក្ដីព្រាងផែនការមេនេះម្ដងទៀត នៅខែមីនា ឆ្នាំ២០២១ ខាងមុខនេះ មុននឹងដាក់ឆ្លងទៅកាន់គណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍។
គួរបញ្ជាក់ផងដែរថា អ្នកជំនាញអចលនទ្រព្យ កាលពីថ្មីៗនេះ ក៏បានព្យាករថា ខេត្តកែប គឺស្ថិតក្នុងចំណោមខេត្តចំនួន ២ ដែលនឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ ២០២១។ (អានបន្ថែម)

