ចិនកំពុងពន្លឿនបញ្ចប់ការអភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជាត្រឹមឆ្នាំ២០២៥
ស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ខ្លួនទៅរកសម័យបច្ចេកវិទ្យាឌីជីថល ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជី វិនិយោគិនចិនកំពុងតែពន្លឿនបញ្ចប់ការសាងសង់បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតានេះ មានគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់ប្រព័ន្ធអ៊ីនធើណែតឱ្យបាន ១០០ភាគរយ នៅក្នុងទីក្រុង និង ៧០ភាគរយ នៅតំបន់ជនបទ។
នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Wang Winpin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម Wang បានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកវិនិយោគចិនក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា។ ឯកឧត្តម បាននិយាយថា “ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់បណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងបានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្របដណ្តប់ទូទាំងប្រទេស”។
វេទិកានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម Wang ក៏មិនភ្លេចធ្វើការកោតសរសើរដល់វិនិយោគិនចិន សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពច្នៃប្រឌិតដូចជា បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យា(Cloud) និងប្រព័ន្ធទូទាត់រហ័សលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនៅក្នុងវេទិកានេះ ដោយបានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះជួយជំរុញការច្នៃប្រឌិតថ្មីៗ ដែលជំរុញផលិតភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយក បានគូសបញ្ជាក់បន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច”។
នៅពេលដែលការវិនិយោគលើបច្ចេកវិទ្យាបន្តហូរចូលប្រទេសកម្ពុជា ប្រជាជាតិបានត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្លាស់ប្តូរដែលមានបំណងភ្ជាប់ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាពជាមួយសេដ្ឋកិច្ចពិភពលោក។
- Video Advertisement -