ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិនពីរបានចូលជួបពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអំពីគម្រោងនៃការវិនិយោគលើរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ រួមមាន ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd. និងក្រុមហ៊ុន Beidou Star Data Technology Co., Ltd.។
លោក លាំង សាន (Liang Shan) ដែលជាអនុប្រធានក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd. មានប្រសាសន៏ថាក្រុមហ៊ុនរបស់លោកមានបំណងចង់ដំឡើងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ដោយបានបញ្ជាក់ថាក្រុមហ៊ុនរបស់លោកមានបច្ចេកវិទ្យាទំនើបក្នុងការផលិតអគ្គីសនីដែលមិនប៉ះពាល់ដល់បរិស្ថាន។
ចំណែកលោក យុងតាវ ចាវ (Yongtao Jiao) ដែលជាប្រធានក្រុមហ៊ុន Beidou Star Data Technology Co., Ltd. ក៏មានចំណាប់អារម្មណ៏ក្នុងការវិនិយោគប្រព័ន្ធផ្កាយរណបនៅកម្ពុជា ដោយលោកបានបញ្ជាក់ អំពីលក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាផ្កាយរណបរបស់ខ្លួន ដែលអាចចាប់រូបភាព និងបញ្ជូនទិន្ន័យឆ្លងកាត់ទ្វីប និងប្រទេសជាច្រើនក្នុងពិភពលោក។
ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិបានគាំទ្រផែនការវិនិយោគទាំងពីរខាងលើ ដោយឯកឧត្តមបានជំរុញឲ្យក្រុមហ៊ុនធ្វើការសិក្សាអំពីលក្ខណៈភូមិសាស្ត្រនៃប្រទេសកម្ពុជា និងសក្តានុពលអតិថិជនឲ្យបានច្បាស់ ដើម្បីរៀបចំសំណើវិនិយោគផ្លូវការ ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យនិងអនុម័ត។
យ៉ាងណាមិញ កិច្ចពិភាក្សាលើកទីមួយនេះគ្រាន់តែជាការដែលក្រុមហ៊ុនជំរាបឲ្យខាងរដ្ឋាភិបាលកម្ពុជាបានជ្រាបជាបឋម ដូច្នេះខាងក្រុមហ៊ុនពុំទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេទាក់ទងនឹងព័ត៌មានលំអិតនៃគម្រោង ដូចជាទុនវិនិយោគ ទីតាំង និងរយៈពេលនៃការសាងសង់ជាដើម។
ជាការពិតណាស់ ការផ្គត់ផ្គង់អគ្គិសនីនិងទូរគមនាគមន៍មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសដែលជាហេតុធ្វើឲ្យក្រុមហ៊ុនជាច្រើនបានមកវិនិយោគនៅក្នុងអាជីវកម្មនេះ។ កាលពីដើមសប្តាហ៍នេះ រាជរដ្ឋាភិបាលក៏ទើបតែបានអនុម័តលើគម្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មតម្លៃរាប់ពាន់លានដុល្លារនៅក្នុងខេត្តព្រះសីហនុ។ (អានបន្ថែម)

