ច្បាប់ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យថ្មីត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា
អគ្គស្នងការនគរបាលជាតិ និងមជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យគុណភាពប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ បានដាក់ឱ្យដំណើរការច្បាប់ស្តីអំពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យថ្មី ក្នុងគោលបំណងការពារអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិ តាមរយៈការកំណត់ស្តង់ដារបច្ចេកទេស។
ច្បាប់ថ្មីនេះ ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ១២ ខែសីហា ហើយត្រូវបានណែនាំដល់សាធារណជននៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី ៩ ខែកញ្ញា ដែលរៀបចំឡើងដោយ សមាគម សហគ្រាស បង្ការអគ្គីភ័យកម្ពុជា (AFPE) និងមជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ (NICS)។
យោងតាមក្រុមហ៊ុនច្បាប់ DFDL ដែលបានចុះផ្សាយលើគេហទំព័ររបស់ខ្លួន «សៀវភៅស្តង់ដារជាតិស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ- ច្បាប់រចនាអគារ» នេះ គឺមានចំនួន១៣ ជំពូក រួមជាមួយឧបសម្ព័ន្ធចំនួន ៧ ។
ក្រុមហ៊ុនDFDLបានសរសេរថា៖ «ច្បាប់នេះ ផ្តល់លក្ខណៈបច្ចេកទេសជាក់លាក់ សម្រាប់បង្ការអគ្គិភ័យ និងមានគោលបំណងការពារអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិ តាមរយៈការដាក់ចេញនូវស្តង់ដារដើម្បីបង្ការ និងកាត់បន្ថយហានិភ័យ នៃការឆាបឆេះក្នុងអគារ និងសំណង់ស្រដៀងគ្នា»។
ក្រុមហ៊ុនច្បាប់ខាងលើ បានបន្ថែមទៀតថា ច្បាប់ថ្មីនេះ ត្រូវអនុវត្តចំពោះការស្ថាបនាអគារថ្មី ក៏ដូចជា ការពង្រីក និងការជួសជុលអគារដែលមានស្រាប់។
ក៏ប៉ុន្តែ ច្បាប់ថ្មីនេះ មិនត្រូវបានអនុវត្តចំពោះការរចនាប្រព័ន្ធបង្ការអគ្គិភ័យសម្រាប់អគារ និងសំណង់ដែលជាអគារឧស្សាហកម្ម (ឃ្លាំង) សម្រាប់រំសេវ ជាតិផ្ទុះ ឬអគារឧស្សាហកម្ម (ឃ្លាំង) សម្រាប់កាំជ្រួច និងផាវ។
បន្ថែមពីលើច្បាប់នេះ ការរចនាប្រព័ន្ធបង្ការអគ្គីភ័យក្នុងអគារក៏ត្រូវគោរពតាមបទដ្ឋាន និងស្តង់ដារជាតិដែលពាក់ព័ន្ធទាំងអស់ផងដែរ។
រូបភាពគោលដោយ incendia

