ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ថវិកា $៤០៣លាន ដើម្បីអនុវត្តគម្រោងសំខាន់៦ នៅកម្ពុជា
ក្នុងឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយកម្ពុជាតាមរយៈផ្តល់កម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍគម្រោងសំខាន់ៗចំនួន៦ នៅកម្ពុជា។
នេះបើតាមការលើកឡើងរបស់លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមសម្រាប់ការអភិវឌ្ឍន៍កម្មវិធីចំនួន៦ ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រីបានឱ្យដឹងថា ក្នុងឆ្នាំនេះ ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្ពុជា បានឈានដល់កម្រិតមួយគួរឱ្យកត់សម្គាល់ជាមួយនឹងការអនុម័តកញ្ចប់ថវិកាកម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក ស្ថិតក្រោមយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ ២០២៨។
កញ្ចប់ថវិកា ៤០៣លានដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តលើគម្រោងសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖
១. ការអប់រំ៖ ៨០លានដុល្លារអាមេរិក សម្រាប់បង្កើនការអប់រំកម្រិតមធ្យមសិក្សា និងបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍសម្ភារៈក្នុងសាលារៀនដែលធន់នឹងអាកាសធាតុ។
២. អំពើហឹង្សាផ្អែកលើយេនឌ័រ៖ ១០ លានដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធឆ្លើយតបរបស់ប្រទេស ដើម្បីសម្រេចឱ្យបាននូវសង្គមដែលគ្មានអំពើហិង្សាផ្អែកលើយេនឌ័រនៅឆ្នាំ ២០៣០។
៣. បរិយាកាសធុរកិច្ច៖ ៥០ លានដុល្លារអាមេរិក សម្រាប់បង្កើតបរិយាកាសវិនិយោគដែលមានការប្រកួតប្រជែងជាងមុន ដោយកាត់បន្ថយរបាំងពាណិជ្ជកម្ម។
៤.ធនធានទឹក៖ ៨៨លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះក្នុងអាងទន្លេសាប។
៥. ប្រព័ន្ធធារាសាស្រ្តកសិកម្ម៖ ថវិកាចំនួន ៨៥លានដុល្លារ សម្រាប់កែលម្អភាពធន់នឹងអាកាសធាតុ និងការចែកចាយទឹកតាមប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន៤ ។
៦. ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ៖ ថវិកាចំនួន ៩០លានដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ។
គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ខណៈពេលដែលការដោះស្រាយបញ្ហាប្រឈមសង្គម និងបរិស្ថានសំខាន់ៗ។
- Video Advertisement -