ជប៉ុនគ្រោងចេញច្បាប់ថ្មី ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមទទួលបានប្រាក់កម្ចីដោយមិនចាំបាច់ដាក់ទ្រព្យធានា
រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មី ដែលជាការចាប់ផ្តើមដំបូងក្នុងគោលបំណងជួយឱ្យអាជីវកម្មថ្មីៗដែលកំពុងរីកចម្រើន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីទទួលបានប្រាក់កម្ចី ដោយផ្អែកលើសក្តានុពលកំណើនរបស់ពួកគេ ដោយមិនចាំបាច់ដាក់វត្ថុបញ្ចាំបែបប្រពៃណី ដូចជាផ្ទះ ដី ឬអចលនទ្រព្យផ្សេងទៀតជាដើម នេះបើយោងតាមសារៈព័ត៌មាន The Japan News ចុះផ្សាយកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។
គោលនយោបាយកែទម្រង់ហិរញ្ញវត្ថុជាយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃកម្មវិធីកញ្ចប់ថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចដ៏ធំ ដែលគ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ ដោយទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន គ្រោងនឹងដាក់សំណើសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់គណៈរដ្ឋមន្ត្រីជប៉ុន (ordinary Diet session) នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ដោយស្នើដាក់បញ្ជូលជាច្បាប់ពិសេសក្រោមក្រមរដ្ឋប្បវេណី។
ជាប្រពៃណីទៅហើយមិនថានៅប្រទេសជប៉ុនឬនៅប្រទេសដទៃ ក្រុមហ៊ុនធុរកិច្ចនៅពេលត្រូវដើមទុនដើម្បីរកស៊ី គឺត្រូវពឹងផ្អែកលើទ្រព្យសម្បត្តិរូបិយ ដូចជាដី និងអគារ យកទៅធានាជាមួយធនាគារដើម្បីទទួលបានប្រាក់កម្ចី។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន ដែលស្ថាប័នស្នើច្បាប់ថ្មីនេះ មើលឃើញថា ការអនុវត្តបែបនេះ ច្រើនតែបង្កើតឧបសគ្គសម្រាប់ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មី និងកំពុងរីកចម្រើនដែលមានទ្រព្យសកម្មតិចតួច ពិបាកនឹងមានលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួន បើទោះបីជាពួកគេមានទស្សនវិស័យអាជីវកម្មដ៏ជោគជ័យច្បាស់លាស់ក៏ដោយ។
សំណើច្បាប់ថ្មីនេះ ស្វែងរកការបង្កើតប្រព័ន្ធអនុគ្រោះថ្មីមួយដែលអនុញ្ញាតឱ្យអាជីវកម្មឬក្រុមហ៊ុនធុរកិច្ច អាចទទួលបានប្រាក់កម្ចីពីធនាគារដោយគ្រាន់តែផ្អែកលើលទ្ធផលនៃការវាយតម្លៃរួមបញ្ចូលគ្នានៃទ្រព្យសម្បត្តិរូបិយ និងអរូបិយរបស់ពួកគេ។ បន្ថែមពីលើទ្រព្យបញ្ចាំឬទ្រព្យធានាធម្មតា វិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋនេះ អនុញ្ញាតឱ្យអាជីវកម្មឬក្រុមហ៊ុនស្នើសុំប្រាក់កម្ចី ត្រូវដាក់រួមបញ្ចូលគ្នានូវចំណេះដឹង (ធនធានមនុស្សក្នុងស្ថាប័ន) សមត្ថភាពបច្ចេកវិទ្យា មូលដ្ឋានអតិថិជន (សារបញ្ជាក់ពីចំនួននិងសក្តានុពលដែលខ្លួនមាន) និងទិន្នន័យប្រតិបត្តិការដែលជាទ្រព្យសម្បត្តិសក្តានុពលរបស់ក្រុមហ៊ុនតែម្តង។
ការផ្លាស់ប្តូរនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់ការចាប់ផ្តើមអាជីវកម្មរបស់ក្រុមហ៊ុនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្ទះសម្រាកបែបប្រពៃណីជប៉ុន (ryokan) ផងដែរ។ ថែមពីលើលក្ខខណ្ឌតម្រូវខាងលើ មុននឹងផ្តល់ប្រាក់កម្ចី ស្ថាប័នហិរញ្ញវត្ថុ ក៏នឹងពិចារណាផងដែរទៅលើការទទួលស្គាល់ក្នុងស្រុក និងការជឿទុកចិត្តដែលបានបង្កើតឡើងជាមួយដៃគូអាជីវកម្មរបស់ក្រុមហ៊ុនដែលបានស្នើសុំ ដែលវិធានការនេះ ធ្វើឱ្យក្រុមហ៊ុនស្នើសុំកាន់តែងាយស្រួលក្នុងការធានាប្រាក់កម្ចី ប្រសិនណាបើខ្លួនមានសាវតារនិងក្រេឌីតអាជីវកម្មល្អ។
ម្យ៉ាងទៀតស្ថាប័នហិរញ្ញវត្ថុ នឹងមានភាពបត់បែនក្នុងការបង្កើនចំនួនប្រាក់កម្ចីដែលមិនពឹងផ្អែកលើវត្ថុបញ្ចាំប្រភេទអចលនទ្រព្យ ពោលគឺតម្លៃវត្ថុបញ្ចាំរបស់អ្នកទទួលកម្ចី អាស្រ័យលើកម្រិតកំណើនអាជីវកម្ម។ ប្រសិនបើក្រុមហ៊ុនស្នើសុំមានទ្រព្យសម្បត្តិផ្សេងទៀត ដូចជាមានប្រាក់ច្រើននៅក្នុងធនាគារ ឬមានរបស់មានតម្លៃផ្សេងក្រៅពីអចលនទ្រព្យ ធនាគារទំនងជានឹងផ្តល់ប្រាក់កម្ចីដល់ពួកគេ ទោះបីជាមិនចាំបាច់ប្រើប្រាស់ទ្រព្យសម្បត្តិអចលនទ្រព្យរបស់ពួកគេជាការធានាក៏ដោយ។
សំណើច្បាប់ថ្មីប្រកបដោយគំនិតច្នៃប្រតិដ្ឋរបស់ប្រទេសជប៉ុននេះ អាចចាត់ទុកថាជំហានដ៏គួរឱ្យកត់សម្គាល់មួយក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកថ្មីៗនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តនេះមិនមែនគ្មានហានិភ័យទេ ព្រោះប្រាក់កម្ចីអាចមិនអាចប្រមូលបាន ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកាន់តែយ៉ាប់យ៉ឺន។ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកឱ្យខ្ចីនឹងត្រូវបង្កើនសមត្ថភាពរបស់ពួកគេក្នុងការយល់ដឹងអំពីអាជីវកម្មរបស់អតិថិជនរបស់ខ្លួនឱ្យបានហ្មត់ចត់ និងវាយតម្លៃសក្តានុពលនៃកំណើនអាជីវកម្មទាំងនោះ តាមរយៈការវាយតម្លៃផ្នែកហិរញ្ញវត្ថុដែលត្រូវធ្វើឡើងយ៉ាងសុក្រឹត និងត្រូវអនុវត្តជាប់ជាមួយក្រុមហ៊ុនទទួលកម្ចីជាបន្តបន្ទាប់៕
- Video Advertisement -