ជប៉ុនគ្រោងធ្វើទំនើបកម្មសេវាដឹកជញ្ជូនសាធារណៈនៅសៀមរាបដោយប្រើបច្ចេកវិទ្យាថ្មីហៅថា MaaS
រដ្ឋបាលសាលាខេត្តសៀមរាប និងប្រធានក្រុម Nippon Koei បានពិភាក្សាគ្នាត្រៀមអនុវត្តការងាររួមគ្នា ៣ ចំណុចធំៗ ពាក់ព័ន្ធការអភិវឌ្ឍទីក្រុងឆ្លាតវៃ ឬ Smart City នៅក្រុងសៀមរាប។
កិច្ចពិភាក្សា ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំ ដោយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយនឹងលោក Yoshikazu UBUKATA ប្រធានក្រុម Nippon Koei សម្រាប់ MaaS Digital Platform។
កិច្ចពិភាក្សា ផ្ដោតលើការងារ ៣ ចំណុចរួមមាន៖
១) ការត្រៀមអនុវត្គគម្រោង MaaS ដែលជាគម្រោងតភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ គម្រោងនេះនឹងជួយឱ្យប្រជាជនអាចប្រើប្រាស់ទូរសព្ទដៃ ដើម្បីបញ្ជា ប្រើប្រាស់ និងទូទាត់សេវាមធ្យោបាយដឹកជញ្ជូនសាធារណៈបាន។
២) ពិភាក្សាពីលទ្ធផលនៃការសិក្សាលទ្ធភាពគម្រោងលម្អិត ឬ PoC
៣) យុទ្ធសាស្រ្តសម្រាប់ពេលអនាគត ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Toyota Tusho និងក្រុមហ៊ុនជប៉ុន Nippon Koei ដែលត្រូវបានឧបត្ថម្ភដោយ JETRO ASEAN Digital transformation initiative អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO។
ពាក់ព័ន្ធនឹង Smart City នៅទីក្រុងសៀមរាបនេះដែរ គឺមានភាគីច្រើនចូលរួម ដូចជា JICA ក្រសួងដែនដីជប៉ុន និងភ្នាក់ងារផ្សេងៗទៀត ដោយភាគីនីមួយៗ មានគម្រោងផ្សេងៗគ្នា។ (អានបន្ថែម)
ក្រសួងដែនដីជប៉ុន ជួយអនុវត្ត ២ គម្រោង គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និង គម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។
សម្រាប់ JICA ការសិក្សាមូលដ្ឋានបានមកដល់ដំណាក់កាលចុងក្រោយហើយ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែមីនា ខណៈគម្រោងផ្ទាល់នឹងត្រូវអនុវត្តនៅខែមេសា ឆ្នាំ២០២២។ (អានបន្ថែម)
ការងាររបស់JICA រួមមាន ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និងការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management)។

