ជប៉ុនគ្រោងសង់រោងចក្រផលិតអគ្គិសនីពីការដុតសំរាមនៅកម្ពុជា
ក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគសាងសង់គម្រោងផលិតថាមពលពីការដុតសំរាម និងស្ថានីយ៍បំលែងឧស្ម័ន LNG នៅកម្ពុជា។ នេះបើយោងតាម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម MIKAMI Masahiro។
ឯកឧត្តម MIKAMI បានលើកពីគម្រោងវិនិយោគនេះក្នុងជំនួបជាមួយនឹង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា កន្លងមកនេះ។
ឯកឧត្តមអគ្គរាជទូត បានលើកឡើថា ជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់លើពិភពលោក និងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ជាច្រើន ក៏ប៉ុន្តែអ្វីដែលសំខាន់កម្ពុជា-ជប៉ុន ត្រូវសហការ និង ផ្លាស់ប្តូយោបល់ទៅវិញទៅមក ដើម្បីជម្រុញការវិនិយោគបន្ថែមទៀតរវាងប្រទេសទាំងពីរ ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម បានស្វាគមន៍ចំពោះគម្រោងរបស់ជប៉ុនលើវិស័យថាមពល ដោយបញ្ជាក់ថា កម្ពុជាកំពុងរៀបចំផែនការផ្គត់ផ្គង់អគ្គិសនីឡើងវិញ ដើម្បីធ្វើឱ្យស្របតាមបរិបទនៃការអភិវឌ្ឍន៍។ ហើយនេះ នឹងត្រូវការ ការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព។
គួរបញ្ជាក់ផងដែរថា កន្លងមក មានក្រុមហ៊ុនជាច្រើនចង់វិនិយោគលើរោងចក្របង្កើតអគ្គិសនីពីការដុតសំរាមនៅកម្ពុជា។ ប៉ុន្តែដោយសារតម្លៃនៃការវិនិយោគខ្ពស់ធៀបនឹងការវិនិយោគគម្រោងថាមពលផ្សេងទៀត ទើបមិនទាន់មានការវិនិយោគលើគម្រោងនេះចេញជារូបរាង ឬដំណើរការនៅឡើយនោះទេ។ (អានបន្ថែម)

