ជប៉ុនជួយកម្ពុជាជាង $១,៣លាន សម្រាប់គម្រោងបោសសម្អាតមីននៅស្ទឹងត្រែង និងបន្ទាយមានជ័យ

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថា គម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។

គម្រោងនេះ នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។

ឯកឧត្តម បន្តថា សម្រាប់ថវិកាជិត ៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។

គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។

បើយោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុន បានឱ្យដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក ជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាសរុបជាង ៥២លានដុល្លារ  ដល់គម្រោងចំនួន១៥៤ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]