ជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។
នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖
- ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។
- ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។
- ទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៦៨,២៧៦ដុល្លារ) ។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយនាពេលបច្ចុប្បន្ន ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ២,៨០០នាក់ ក្នុងភូមិចំនួន៤ តាមរយៈការធានាបាននូវផ្លូវ ធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌល សុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។
នាឱកាសនោះដែរ លោក តានិណៃ បានបញ្ជាក់បន្ថែមថា លោកសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ ជប៉ុនតាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) បានសម្រេចផ្តល់ថវិកាសរុបចំនួន ៣៤៨ .៩១៩ ដុល្លារ ដែលជាជំនួយឥតសំណង សម្រាប់វិស័យអប់រំ និងទឹកស្អាត ដល់ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តមណ្ឌលគិរី ។ (អានបន្ថែម)
- Video Advertisement -