ជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អមណ្ឌលសុខភាពនៅតាកែវ និងកំពង់ចាម
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងគម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
នេះបើតាមពិធីចុះកិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃទី៨ ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនៃខេត្តទំាងពីរ។
ក្នុងនោះ ជំនួយជាង ១៦ម៉ឺនដុល្លារអាមេរិក នឹងយកទៅសាងសង់អគារស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត ដើម្បីដំឡើងឧបករណ៍ចំនួន ១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា។
បច្ចុប្បន្នមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានេះ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារភាពសឹករេចរឹលដោយឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់នៅសម្រាប់អ្នកជំងឺ។
មួយវិញទៀត ថវិកាជាង ៣៤ម៉ឺនដុល្លារទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ស្របពេលដែល មន្ទីរពេទ្យនេះ បាននិងកំពុងប្រឈមនឹងបញ្ហាដូចជា ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភពបច្ចុប្បន្នសម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។
គួរបញ្ជាក់ថា ជំនួយនេះស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដែលកន្លងទៅថ្មីៗនេះ ជប៉ុនបានផ្តល់ជំនួយជាង ៣៥ម៉ឺនដុល្លារអាមេរិករួចមកហើយ សម្រាប់គម្រោងសាងសង់អគារមេត្តយ្យសិក្សា សាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តចំនួន ០៤។ (អានបន្ថែម និងបន្ថែម)

