ជប៉ុនប្តេជ្ញាគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា
គណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន បានប្តេជ្ញាបន្តគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា ព្រមទាំងរួមចំណែកកសាងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅឱ្យកាន់តែប្រសើរឡើង។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានសរសើររដ្ឋបាលក្រុង Kitakyushu និងសមាគមអាជីវកម្មទឹកស្អាតជប៉ុន ចំពោះភាពជាដៃគូរយៈពេលវែង ហើយបានស្នើឱ្យភាគីជប៉ុនបន្តកិច្ចសហការដើម្បីបង្កើតនវានុវត្តន៍ កសាងជំនាញ និងជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ឯកឧត្តមបន្តថា៖ “គំរូក្រុមហ៊ុនមានកម្មវត្ថុពិសេសនេះផ្តល់ជាមូលដ្ឋានសម្រាប់ការវិនិយោគនាពេលអនាគត និងពង្រឹងទំនុកចិត្តរវាងកម្ពុជា និងសមភាគីជប៉ុន។” ឯកឧត្តម ក៏ស្នើឱ្យក្រុមហ៊ុននៃក្រុង Kitakyushu បន្តវិនិយោគ រួមចំណែកអភិវឌ្ឍប្រព័ន្ធឌីជីថលជាតិសម្រាប់គ្រប់គ្រងវិស័យទឹកស្អាត ព្រមទាំងគាំទ្រដល់នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យនេះ។
លោក Sato Yuya តំណាងគណៈប្រតិភូជប៉ុន លើកឡើងថា ការប្តេជ្ញាចិត្តរបស់សមាគម និងក្រុង Kitakyushu ក្នុងការគាំទ្រគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងការបន្តបណ្តុះបណ្តាល ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតផ្សេងទៀត។ លោកបានលើកឡើងពីគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការផ្តល់ដំណោះស្រាយទឹកស្អាតខ្នាតតូច និងការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតផងដែរ។
គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ គឺជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលចូលរួមអនុវត្តដោយសមាជិកនៃសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង Kitakyushu ។
គម្រោងនេះប្រើប្រាស់គំរូ “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដែលភាគីជប៉ុនទទួលបន្ទុកសាងសង់ ប្រតិបត្តិការ និងផ្តល់សេវាថែទាំរយៈពេល១០ឆ្នាំ មុននឹងប្រគល់រោងចក្រជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ វិធីសាស្ត្រនេះរួមបញ្ចូលទាំងការវិនិយោគ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំនាញប្រតិបត្តិការរបស់ភាគីជប៉ុន សម្រាប់បំពេញសេចក្តីត្រូវការទាំងគុណភាព និងបរិមាណទឹកស្អាត ដែលកាន់តែកើនឡើងនៅក្នុងក្រុងតាខ្មៅ៕
- Video Advertisement -