ជប៉ុនប្រកាសពង្រីកអាជីវកម្មផ្គត់ផ្គង់ទឹកនៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងប្រតិបត្តិការក្នុងខេត្តចំនួន៤
ក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកបរិសុទ្ធសម្រាប់ពិសានៅក្នុងខេត្តចំនួន៤ រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។
នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនក្រុមហ៊ុនពីបរិយាកាសវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរទ្បើង។
នាឱកាសនោះ លោក IKEYA Yusuke បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយផ្តោតជាពិសេសលើក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាននិងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកបរិសុទ្ធសម្រាប់ពិសានៅក្នុងខេត្តចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដោយរួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Khmer Water Supply Holdings ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានធ្វើការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំឧស្សាហកម្ម និងរោងចក្រច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជា ដើម្បីឆាប់ទទួលបាននូវការលើកទឹកចិត្តនិងអត្ថប្រយោជន៍នានាដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
- Video Advertisement -