ជប៉ុនផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្ត២
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១៨៦ ៨៥៦ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាន និងការស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។
នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរវាងលោក តានិណៃ អ៊ីឈិតុម៉ុ (TANINAI Ichitomo) ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
លោក តានិណៃ អ៊ីឈិតុម៉ុ បានថ្លែងថា គម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសស្ពានឈើដែលពុកផុយ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទឹកប្រាក់ចំនួន ៩៩២១២ ដុល្លារអាមេរិក។
លោកបន្ថែមថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន ៣៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាព។
ដោយឡែក ថវិកាចំនួន ៨៧៦៤៤ ដុល្លារអាមេរិក នឹងយកទៅប្រើប្រាស់សម្រាប់គម្រោងស្តារទំនប់ និងលូមូលចំនួន ៣ ដែលរងការខូចខាតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈបច្ចុប្បន្ននេះ បរិក្ខារធារាសាស្ត្រដែលរងការខូតខាតមិនអាចស្ដុកទឹកភ្លៀងបានគ្រប់គ្រាន់ ក្នុងរដូវវស្សាសម្រាប់ធ្វើស្រែចម្ការ។
គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង៤.៥០០នាក់ ដែលនឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ តាមរយៈការធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាព។
គួរបញ្ជាក់ថា ជំនួយឥតសំណងនេះ ស្ថិតក្រោមគ្រោងការនៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។
ថ្មីៗនេះ ជាមួយនឹងគម្រោងនេះផងដែរ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិក លើការសាងសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និងខេត្តកោះកុងផងដែរ។ (អានបន្ថែម)https://construction-property.com/staging/7623/%e1%9e%87%e1%9e%94%e1%9f%89%e1%9e%bb%e1%9e%93%e1%9e%87%e1%9e%bd%e1%9e%99%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6%e1%9e%9f%e1%9e%84%e1%9f%8b%e1%9e%a2%e1%9e%82%e1%9e%b6%e1%9e%9a/?lang=km
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៦៥លានដុល្លារ អាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងនេះចំនួន ៦៦៧ នៅទូទាំងប្រទេសកម្ពុជា។

