ជប៉ុនវិនិយោគជាង $២០ម៉ឺន សង់កំពង់ផែនៅកោះរ៉ុង និងតម្លើងម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនៅភ្នំពេញ
រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាជំនួយចំនួន ២០៤.៧២០ដុល្លារ ដើម្បីវិនិយោគលើគម្រោងសំខាន់ៗចំនួនពីរ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងការកែលម្អសេវាសុខភាពនៅកម្ពុជា។ ការផ្តល់មូលនិធិនេះត្រូវបានរៀបចំជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងតំណាងមកពីស្ថាប័នទទួល។
ថវិកាមួយផ្នែកដែលមានចំនួន ៦៣.៤៧០ដុល្លារ នឹងត្រូវបែងចែកសម្រាប់តម្លើងម៉ាស៊ីនដ៏សំខាន់មួយនៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិតនៅរាជធានីភ្នំពេញ។ គ្រឿងបរិក្ខារដ៏ទំនើបបំផុតនេះ នឹងមកជំនួសឱ្យម៉ូដែលចាស់ដែលមានមុខងារទាប និងប្រើពេលវេលាផលិតយូរ។ ជំនួយសប្បុរសមួយនេះមានគោលបំណងធ្វើឱ្យដំណើរការផលិតកាន់តែមានភាពប្រសើរឡើង និងលឿនរហ័សជាងមុន ដើម្បីផ្គត់ផ្គង់ដល់តម្រូវដ៏ចាំបាច់ក្នុងវិស័យសុខាភិបាល។
បន្ថែមពីលើគំនិតផ្តួចផ្តើមផ្នែកសុខភាព ថវិកាដែលនៅសេសសល់នឹងគាំទ្រដល់ការសាងសង់កំពង់ផែថ្មីមួយនៅឃុំកោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រដ្ឋបាលក្រុងកោះរ៉ុង នឹងទទួលបានថវិកាចំនួន ១៤១.២៥០ដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងបម្រើដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៣.០០០នាក់។ កំពង់ផែថ្មីនេះត្រូវបានគេរំពឹងថានឹងសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនរវាងកោះរ៉ុង និងដីគោក ក៏ដូចជាពង្រឹងការដឹកជញ្ជូនទំនិញ និងជំរុញប្រតិបត្តិការសន្តិសុខរបស់កងទ័ពជើងទឹកក្នុងពេលមានអាសន្នផងដែរ។
គួររំលឹកថា ជំនួយនេះស្ថិតនៅក្រោមគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់គម្រោងសន្តិសុខមនុស្សខ្នាតតូច (Kusanone) ដែលបានដំណើរការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសជប៉ុនបានបរិច្ចាគជាង ៧០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈគំនិតផ្តួចផ្តើមខាងលើនេះ។
ជំនួយដ៏សប្បុរសនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជប៉ុន និងកម្ពុជា ដោយបង្ហាញពីសារៈសំខាន់នៃការវិនិយោគទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការអភិវឌ្ឍន៍សហគមន៍។


- Video Advertisement -