តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?

ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ?

យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ប្រវែងប្រមាណ ១៩ គីឡូម៉ែត ក្រោយមានការឯកភាពទៅលើលទ្ធផលនៃការសិក្សា។

ផ្លូវដែកលើអាកាសនេះនឹងចាប់ផ្តើមពីចំណុច ផ្សារធំថ្មី ទៅដល់ រង្វង់មូលចោមចៅ និងបំបែកទៅកាន់ចំណតសំរោង (តាមមហាវិថីហ្សាលដឺហ្គោល មហាវិថីមុនីរ៉េត ផ្លូវវេងស្រេង មហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ចំណតសំរោង)។

ខ្សែរថភ្លើងនេះទៀតសោត គឺនឹងមានប្រវែង ១៥ គីឡូម៉ែត្រ នៅលើអាកាស ជាមួយស្ថានីយនៅលើអាកាសចំនួន១៨ និង០៤ គីឡូម៉ែត្រនៅក្រោមដី មានស្ថានីយចំនួន ០២។

គម្រោងនេះ ត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ហើយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលគម្រោង បានបញ្ជូនរបាយការណ៍ផែនការដោះស្រាយផលប៉ះពាល់ទៅអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់រួចហើយ។

ជាក់ស្តែង ថ្មីៗនេះ JICA ក៏បានបញ្ចប់ការសិក្សាគម្រោងខាងលើរួចមកហើយ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ មិនទាន់មានសេចក្តីសម្រេចទៅលើលទ្ធផលនៃការសិក្សាគម្រោងនេះនៅឡើយទេ។ (អានបន្ថែម)

 

រូបភាពគោលដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន

- Video Advertisement -