ត្រឹមខែឧសភានេះ រដ្ឋសម្រេចការវាស់ដីធ្លីទូទាំងប្រទេសកម្ពុជាបានជាង ១៣លានក្បាលដី, សល់តែជាង៣១ម៉ឺនទៀតប៉ុណ្ណោះ!
បើគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសកម្ពុជា សម្រេចបានជាង ១៣លានក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបទូទាំងប្រទេសចំនួន ១៣.៦៥១.៩៦៣ក្បាលដី ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ការវាស់វែងចុះបញ្ជីដីរដ្ឋ ដីឯកជន និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស សម្រេចលទ្ធផលនៃវាស់វែងបានចំនួន ១៣.៣៣៧.៥០៧ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេសចំនួន ១៣.៦៥១.៩៦៣ក្បាលដី។
ក្នុងនោះ ក្រសួងរៀបចំដែនដី បានចេញបណ្ណបានចំនួន ៨.៤៥៩.៦១៨បណ្ណ និងចែកបណ្ណបានចំនួន ៧.៨៤២.៥៨៧បណ្ណ ចំណែកបណ្ណចំនួន ២៣៥.៤៦០ទៀត ម្ចាស់កម្មសិទ្ធិមិនទាន់មកទទួលនៅឡើយ។
ជាងនេះទៅទៀត ក្រសួងក៏បានចេញបណ្ណជាប់ពន្ធប្រថាប់ត្រាទិញ-លក់ បានចំនួន ១៨៦.១៣២បណ្ណ និងបណ្ណជាប់ពន្ធសូន្យបានចំនួន ១៩៥.៤៤០បណ្ណផងដែរ។ ដោយឡែក ក្បាលដីចំនួន ៣១៤.៤៥៦ក្បាលដី ដែលនៅមិនទាន់បានវាស់វែងនោះ រំពឹងថានឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់បន្ថែមថា មកទល់ពេលនេះ មានខេត្តចំនួន១៣ហើយ ដែលបានបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ មណ្ឌលគីរី កែប ព្រះសីហនុ តាកែវ កណ្ដាល ព្រះវិហារ និងខេត្តព្រៃវែង។
ដោយឡែក រាជធានីខេត្ត ចំនួន១២ទៀត ក៏នឹងបញ្ចប់ការការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងបញ្ចប់ជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
សមិទ្ធិផលដ៏សំខាន់នេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការគ្រប់គ្រងដីធ្លី ជំរុញសិទ្ធិអចលនទ្រព្យ និងជំរុញកំណើនសេដ្ឋកិច្ចទូទាំងប្រទេស។ នៅពេលដែលការវាស់វែងដីធ្លីជាប្រព័ន្ធដំណើរការទៅមុខ ភាគីពាក់ព័ន្ធអាចរំពឹងថានឹងមានការកើនឡើងនូវតម្លាភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការដីធ្លី។
- Video Advertisement -