ថវិកាជាតិជាង ៨២ លានដុល្លារបានចំណាយលើការស្ដារឡើងវិញនៃផ្លូវដែកប៉ោយប៉ែត-ពោធិ៍សាត់
កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់ ដែលជាសមិទ្ធិផលដំណាក់កាលទី ៣ របស់ក្រសួងក្នុងការសម្រេចឲ្យបាននូវផ្លូវរថភ្លើងប៉ោយប៉ែត-ភ្នំពេញនៅក្នុងខែកក្កដា ខាងមុខនេះ។
កំណាត់ផ្លូវដែកពីបាត់ដំបងទៅពោធិ៍សាត់ មានប្រវែង ១០៧គ.ម មានស្ថានីយចំនួន ១៦។ កំណាត់ផ្លូវដែកនេះអាចទ្រទម្ងន់បាន ១៥តោន/អ័ក្ស និងចំណាយថវិកាចំនួន ១៧,១លានដុល្លារ ជាប្រភពថវិកាជាតិក្នុងការសាងសង់ឡើងវិញ។
គួរបញ្ជាក់ផងដែរថា ខ្សែបាត់ដំបង-ពោធិ៍សាត់ គឺជាសមិទ្ធិផលដំណាក់កាលទី ៣ បន្ទាប់ពីកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ ប្រវែង៤៨គ.ម ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង ប្រវែង៦៥គ.ម និងដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “មកដល់ពេលនេះ យើងបានបញ្ចប់ការសាងសង់និងបើកដំណើរផ្លូវដែកជាងពាក់កណ្ដាលហើយ បើគិតពីប៉ោយប៉ែតមកដល់ពោធិ៍សាត់គឺមានប្រវែងសរុប ២២០គ.ម ឆ្លងកាត់ខេត្ត៣ និងស្ថានីយ៍ចំនួន៣០ដោយចំណាយថវិកាជាង ៨២,៣លានដុល្លារអាមេរិក។ ហើយចំពោះផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតទាំងមូល ប្រវែង៣ ៨៦គ.ម ក្រសួងគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ”។
ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុកនោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែរថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត នៅដើមខែកក្កដា ឆ្នាំ២០១៨។
ការដាក់ឲ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ នេះជាគោលដៅដើម្បីទាក់ទាញការវិនិយោគដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។
បញ្ជាក់ផងដែរថា ប្រជាពលរដ្ឋប្រើប្រាស់ខ្សែរថភ្លើងប៉ោយប៉ែត-ពោធិ៍សាត់នេះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ សីហា ២០១៨៕




- Video Advertisement -