ថៃប្រកាសសង់ស្ពានថ្មីតភ្ជាប់ខេត្តចាន់ថាបុរី-ប៉ៃលិន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ជាមួយកម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការតភ្ជាប់ឆ្លងព្រំដែន រដ្ឋាភិបាលថៃបានបង្ហាញពីផែនការសង់ស្ពានថ្មីមួយខ្សែដែលនឹងតភ្ជាប់រវាងខេត្តចាន់ថាបុរីក្នុងប្រទេសថៃជាមួយខេត្តប៉ៃលិនក្នុងប្រទេសកម្ពុជា។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ១៥លានបាត ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
នេះបើយោងតាមការចុះផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ចុះត្រួតពិនិត្យទីតាំងនៅច្រកព្រំដែន Ban Pakkad ក្នុងស្រុក Pong Nam Rong លោកបានបង្ហាញពីសុទិដ្ឋិនិយមអំពីសក្តានុពលរបស់ស្ពាននេះក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា រចនាសម្ព័ន្ធថ្មីដែលមានឈ្មោះថា ស្ពានមិត្តភាពចាន់ថាបុរី-ប៉ៃលិននេះ នឹងមកជំនួសឱ្យស្ពានដែកបណ្ដោះអាសន្នដែលមានស្រាប់នាពេលបច្ចុប្បន្ន។
ស្ពានបេតុងថ្មីនេះ នឹងមានប្រវែងប្រហែល ៤០ម៉ែត្រ និងផ្លូវដើរទទឹង ៣ម៉ែត្រនៅសងខាងផ្លូវរថយន្ត។ ស្ពាននេះនឹងធ្វើអោយប្រសើរឡើងនូវផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។
លោករដ្ឋមន្ត្រី Anutin ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងក្នុងការសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួល និងការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគី។
ការសាងសង់ស្ពាននេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ខណៈប្រទេសទាំងពីរបានរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះរួចរាល់ហើយ ដោយកំពុងដាក់ជូនគណៈរដ្ឋមន្ត្រីថៃ ដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ។
ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានអនុម័តគំនិតផ្តួចផ្តើមនេះជាគោលការណ៍រួចហើយ ដែលនឹង ផ្តល់មូលនិធិតាមរយៈថវិកាកណ្តាលរបស់ប្រទេសថៃ។
គួរបញ្ចាក់ថា ខេត្តចន្ថាបុរីបច្ចុប្បន្នមានចំណុចពាណិជ្ជកម្មព្រំដែនសំខាន់ៗចំនួនប្រាំជាមួយប្រទេសកម្ពុជា រួមទាំងច្រកសំខាន់ៗចំនួនពីរនៅ Ban Lem និង Ban Pak Kad និងច្រកព្រំដែនក្នុងស្រុកចំនួន ៣ សម្រាប់ធ្វើពាណិជ្ជកម្ម។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងត្រួសត្រាយផ្លូវសម្រាប់អនាគតដែលមានផលប្រយោជន៍ទៅវិញទៅមក។

- Video Advertisement -