ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣-២០២៤៖ ខណៈការព្យាករសេដ្ឋកិច្ចកើនឡើង តែ ADB មើលឃើញថាយឺតជាងការរំពឹងទុក
យោងតាមរបាយការណ៍ថ្មីៗរបស់ស្ថាប័នហិរញ្ញវត្ថុកំពូលៗរបស់ពិភពលោករួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទោះបីជាមានអត្រាខុសគ្នាបន្តិចរវាងស្ថាប័នទាំងនេះក៏ដោយ។ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍មួយនោះ គឺហេតុអ្វីបានជាការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សេដ្ឋកិច្ចកម្ពុជាមានកម្រិតទាបជាងការព្យាករផ្សេងទៀត?
គួររំលឹកថា ធនាគារពិភពលោក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអះអាងនូវការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជារបស់ខ្លួន ដោយរក្សាការព្យាករកំណើន ៥,៥% សម្រាប់ឆ្នាំ២០២៣ និងកំណើន ៦,១% សម្រាប់ឆ្នាំ២០២៤ ហើយតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយក្នុងរបាយការណ៍សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ កាលពីដើមឆ្នាំនេះ (ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២) មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៥ សម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែក្រោយមក ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែតុលា ឆ្នាំ ២០២៣ បង្ហាញថា បានព្យាករថា កំណើនសេដ្ឋកិច្ច (GDP) ពិតប្រាកដសម្រាប់កម្ពុជា គឺ ៥,៦% និងកំណើន GDP របស់កម្ពុជាក្នុងឆ្នាំ ២០២៤ គឺ ៦,១ %។
ដោយឡែក សម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិញ កាលពីដើមឆ្នាំបានព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ថាមានកំណើន ៥,៥%ដែរ ប៉ុន្តែក្រោយបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាធ្លាក់ចុះមកត្រឹម ៥,៣% ដោយបញ្ជាក់មូលហេតុច្បាស់ថា ភាគច្រើនដោយសារតែកំណើនក្នុងវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
សូមបញ្ជាក់ថា ក្នុងន័យសេដ្ឋកិច្ច ការកែប្រែតួលេខត្រឹមតែ ០,៣% នេះមានន័យធំធេងណាស់សម្រាប់ឆ្លុះបញ្ជាំងរូបភាពសេដ្ឋកិច្ចរបស់ប្រទេសមួយទាំងមូល ដោយសារវាបង្ហាញថាវិស័យឧស្សាហកម្មរបស់ប្រទេសនេះនៅមិនទាន់បានដំណើរការល្អដូចការរំពឹងទុកនោះទេ។ សម្រាប់អ្នកអភិវឌ្ឍ ការដកតួលេខថយក្រោយបន្តិចនេះ គឺជាអ្វីដែលគេមិនចង់ឃើញនោះទេ។
ដើម្បីយល់ពីការកែសម្រួលនេះ យើងត្រូវពិនិត្យមើលរបាយការណ៍របស់ ADB ដែលបានធ្វើបច្ចុប្បន្នភាពការព្យាករតាមអនុវិស័យផ្សេងគ្នា ពោលគឺបានបង្កើនកំណើនសម្រាប់អនុវិស័យសេវាកម្មនៅឆ្នាំ ២០២៣ ពី ៧,៣% ទៅ ៨,០% ខណៈបន្ថយការព្យាករសម្រាប់អនុវិស័យទិន្នផលឧស្សាហកម្ម ដែលត្រូវបានកែសម្រួលពី ៥,៨% ទៅ ៤,៨% និងការព្យាករណ៍សម្រាប់វិស័យកសិកម្ម ធ្លាក់ចុះពី ១,១% ទៅ ០,៩%។ តួលេខទាំងនេះ មានន័យច្រើនអំពីការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការធ្លាក់ចុះទិន្នផលឧស្សាហកម្ម និងការធ្លាក់ចុះនៃវិស័យកសិកម្ម ហើយមានច្រកងើបឡើងតែវិស័យសេវាកម្មមួយ ដែលស្តាប់ទៅសមហេតុផលសម្រាប់ដំណើរការសេដ្ឋកិច្ចជារួម។
ចំណែកឯការព្យាករសម្រាប់ឆ្នាំខាងមុខ គឺឆ្នាំ ២០២៤ ក៏មានការព្យាករខុសគ្នាបន្តិចបន្តួចផងដែរ។ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករពីអត្រាកំណើនខ្ពស់ គឺ ៦,១% សម្រាប់ឆ្នាំ ២០២៤ ដូចគ្នា ខណៈពេលដែលធនាគារ ADB បានរក្សាការព្យាកររបស់ខ្លួនត្រឹមតែ ៦,០% ប៉ុណ្ណោះ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺការព្យាករអត្រាអតិផរណា (ទំនិញឡើងថ្លៃធៀបនឹងតម្លៃលុយ) ខណៈពេលដែល IMF ព្យាករអត្រាអតិផរណាកម្ពុជា គឺ២,០% សម្រាប់ឆ្នាំ ២០២៣ និង ៣.0% សម្រាប់ឆ្នាំ ២០២៤ ចំណែកឯធនាគារអភិវឌ្ឍអាស៊ី ( ADB ) វិញ ផ្តល់ឱ្យកម្ពុជានូវអតិផរណាក្នុងអត្រា ៣,0% សម្រាប់ឆ្នាំ ២០២៣ និង ៤,០% ឆ្នាំ ២០២៤។
ក្នុងន័យសេដ្ឋកិច្ច សម្រាប់តួលេខ ៤,0% នៃអតិផរណាគឺជាអត្រាមួយខ្ពស់ ដែលមានន័យថាកម្រិតទូទៅនៃតម្លៃទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ចកំពុងកើនឡើង។ និយាយដោយសាមញ្ញ គឺសុខភាពសេដ្ឋកិច្ចនៅមិនទាន់ល្អប្រសើរ ដូច្នេះបើយកតាម ADB សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងឆ្នាំនេះមិនទាន់ល្អប្រសើរ និងឆ្នាំក្រោយរឹតតែមិនទាន់បានងើបរួចនៅឡើយទេ។
ប៉ុន្តែប្រសិនបើយើងយកអត្រាអតិផរណារបស់ IMF នៅកម្រិត ២,០% វិញនោះ នឹងមានន័យថា សេដ្ឋកិច្ចកម្ពុជានឹងប្រសើរឡើង។ តាមន័យសេដ្ឋកិច្ច អតិផរណាកម្រិតមធ្យមគឺប្រហែល ២% ពិតជាល្អសម្រាប់កំណើនសេដ្ឋកិច្ច។
ភាពខុសគ្នានៃការព្យាករនេះ អាចបណ្តាលមកពីការប្រែប្រួលនៃវិធីសាស្រ្តដែលប្រើប្រាស់ដោយស្ថាប័ន ឬការសន្និដ្ឋានដែលធ្វើឡើងអំពីអនាគតនៃសេដ្ឋកិច្ចកម្ពុជាផ្សេងគ្នាទៅតាមទិសដៅគោលនយោបាយរបស់ស្ថាប័ននីមួយៗ។
ប៉ុន្តែ របាយការណ៍របស់ ADB សង្កត់ធ្ងន់លើតួនាទីនៃកត្តាខាងក្រៅ និងខាងក្នុងដែលជះឥទ្ធិពលលើដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា។ របាយការណ៍នេះបញ្ជាក់ថា បើទោះជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំក៏ដោយ វិស័យសេវាកម្ម គឺជាកត្តារួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចឡើងវិញ ដោយសារវិស័យនេះកើនលើសពីការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជំរុញជាចម្បងដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ។ របាយការណ៍នេះក៏បានលើកឡើងពីហានិភ័យចំពោះវិស័យផ្សេងទៀត រួមមានកំណើនយឺតនៅក្នុងសកម្មភាពសេដ្ឋកិច្ចធំៗ(ជាពិសេសក្នុងវិស័យឧស្សាហកម្ម) ចំនួនភ្ញៀវទេសចរតិចជាង (ទោះបីជាមានកំណើនលឿន) និងលំហូរវិនិយោគផ្ទាល់ពីបរទេស។ ហានិភ័យពីកត្តាខាងក្រៅរួមមាន ការរឹតបន្តឹងរយៈពេលវែងនៃលក្ខខណ្ឌហិរញ្ញវត្ថុសកល ការកើនឡើងតម្លៃថាមពល ការព្រួយបារម្ភអំពីបំណុលឯកជនខ្ពស់ និងស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និងការប្រែប្រួលអាកាសធាតុ កាន់តែធ្ងន់ធ្ងរឡើង។
អ្វីដែលកម្ពុជាគួរឆ្លើយតប គឺការដាក់ចេញនូវគោលនយោបាយដែលគាំទ្រដោះស្រាយចំពោះហានិភ័យទាំងនេះ និងគំាទ្រដល់វិស័យអាទិភាពខាងលើ ដូចជាការដាក់ចេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អធនធានមនុស្សជាដើម ដោយគិតគូរពីផលប៉ះពាល់ក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងរបត់សេដ្ឋកិច្ចសកល ទំនងជានឹងអាចមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕
- Video Advertisement -