ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
តំបន់ឆ្នេរអូរត្រេះដ៏ស្រស់ស្អាតនាខេត្តព្រះសីហនុដែលធ្លាប់តែជាកន្លែងពោរពេញទៅដោយភាពស្ងប់ស្ងាត់នៅពេលនេះបាននិងកំពុងវិវឌ្ឍខ្លួនទៅជាកន្លែងមួយរីកដុះដាលដោយអគារស្កឹមស្កៃនិងបរិយកាសដ៏សែនអ៊ូអរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់តាមមាត់សមុទ្រក្នុងខេត្តព្រះសីហនុគឺមានការសាងសង់គម្រោងអភិវឌ្ឍន៍ជាច្រើនប្រភេទផ្សេងគ្នានិងជាពិសេសកំណើនសំណង់អគារដូចផ្សិតក្នុងតំបន់ឆ្នេរអូរត្រេះ១ដែលភាគច្រើនត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន។
គម្រោងអភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរអូរត្រះ១នេះទៀតសោត គឺមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ខ្លាំងដោយសារគម្រោងមួយនេះគឺគ្រប់ដណ្តប់ទៅលើផ្ទៃដីជាច្រើនហិកតាព្រមទាំងមានភាពសម្បូរបែបនៃប្រភេទសំណង់អគារខ្ពស់ៗដែលបាននិងកំពុងរីកលូតលាស់បណ្តើរៗប្រៀបបានដូចជាការបង្តើតទីក្រុងដ៏ទំនើបមួយនាពេលអនាគត។
ក្នុងដំណើរទស្សនកិច្ចរបស់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំកាលពីដើមខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ យើងបានកត់សម្គាល់អំពីការរីកលូតលាស់នៃសំណង់អគារក្នុងគម្រោងខាងលើដែលមិនមានការបិទបញ្ជាក់អំពីព័ត៌មានគម្រោងនៅក្នុងទីតាំងនៃការដ្ឋានគម្រោងនោះទេ។
យ៉ាងណាមិញ ប្រជាជនក្នុងខេត្តព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់យើងខ្ញុំយ៉ាងដូច្នេះថា៖« អាណឹង គឺគេហៅថា China Town »ដែលនេះសំដៅដល់សហគមបណ្តុំទៅដោយជនជាតិចិន។ ទន្ទឹមនឹងនេះដែរ បណ្តាគេហទំព័រស្តីអំពីដំណើរទេសចរណ៍នៅកម្ពុជា Travel Channel-Cambodia ក៏បានបង្ហាញថាទីក្រុងចិនឬChina Townបាននិងកំពុងសាងសង់លើទឹកដីសមុទ្រកម្ពុជាដោយមានភ្ជាប់ជាមួយវីដេអូបង្ហាញពីការដ្ឋានសំណង់ខាងលើ។
ម៉្យាងវិញទៀត នៅពេលយើងធ្វើដំណើរនៅតាមការដ្ឋានសំណង់ខាងលើ យើងសង្កេតឃើញថាស្លាកសញ្ញាជាច្រើនបានសរសេជាភាសាចិនជាមួយភាសាខ្មែរផងដែរ។
ទន្ទឹមនឹងនេះដែរ អ្វីដែលជាបញ្ហាប្រឈមសម្រាប់ការរីកដុះដាលយ៉ាងឆាប់រហ័សនេះ គឺការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញលូ ស្ថានីយសម្អាតទឹកកខ្វក់ បរិដ្ឋាន ចរាចរណ៍ និងសន្តិសុខជាដើមដែលអាជ្ញាធរខេត្តកំពុងព្យាយាមបង្កើនសមត្ថភាពដើម្បីអាចគ្រប់គ្រង និងដោះស្រាយបញ្ហាទាំងអស់នេះធ្វើយ៉ាងណាធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍន៍។


