ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ទីភ្នាក់ងារបារាំងឃ AFD សន្យាជួយសិក្សាលម្អិតគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មី បន្ទាប់ពីរោងចក្របាខែងជំហានទី១ និងជំហានទី២ ជាផ្នែកមួយនៃការបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា AFD នឹងជួលក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីសិក្សាលម្អិតលើគម្រោងសាងសង់ ទឹកស្អាត នៅខែតុលា ឬខែវិច្ឆិកាខាងមុខ។
ឯកឧត្តមបញ្ជាក់ថា គម្រោងផែនការមេ Master Plan របស់រដ្ឋាករទឹកមានហើយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រទឹកស្អាតជាបន្តបន្ទាប់ ប៉ុន្តែគម្រោងនីមួយៗ ត្រូវការសិក្សាលម្អិត ផ្អែកលើកត្តាសេដ្ឋកិច្ច បច្ចេកទេស និងទីតាំង។
ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “ឥឡូវយើងទទួលបានភ្លើងលឿងពី AFD អំពីការសិក្សា ក្រោយពីឆ្នាំ២០២៤-២០២៥ តើយើងត្រូវធ្វើអ្វីទៀតបន្ត? យើងត្រូវយកផែនការមេជំហានទីបីនេះ មកធ្វើការសិក្សា ដោយ AFD និងអង្គការមួយរបស់បារាំង ឱ្យលុយជួលទីប្រឹក្សាបច្ចេកទេស ចុះមកសិក្សាលម្អិត”។
ឯកឧត្តមបញ្ជាក់ថា គម្រោងមេរបស់រដ្ឋាករទឹក មានរួចហើយ ដោយក្នុងនោះ បន្ទាប់ពីបាក់ខែងជំហានទី១ និងទីពីរ ត្រូវសាងសង់បាក់ខែងជំហានទីបី បន្ទាប់មកត្រូវបន្តសង់ស្ថានីយទឹកនិរូតជំហានទី៣ និង រោងចក្រទឹកស្អាតនៅភាគខាងកើត និងភាគខាងត្បូងរាជធានីភ្នំពេញមួយទៀត ដែលត្រូវយកទឹកពីស្ថានីយកោះនរា។
ឯកឧត្តម ឡុង ណា ថ្លែងថា៖ “ការសាងសង់រោងចក្រពីមួយឆ្នាំទៅមួយឆ្នាំ មាននៅក្នុង Master Plan ប៉ុន្តែយើងត្រូវសិក្សាលម្អិត ទៅលើលក្ខណៈសេដ្ឋកិច្ច លក្ខណៈបច្ចេកទេស ថាតើសាងរោងចក្រណាមួយដែលចំណាយហើយកាត់បន្ថយថ្លៃដើមរដ្ឋាករទឹក និងងាយស្រួលក្នុងការផលិតជាងគេ”។