ទីលានចាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ
គម្រោងទីលានចាក់សំរាមតម្លៃ ៦.២៨៣.៧៤៧ លានដុល្លារ នៅខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្ត និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត្តបាត់ដំបង។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយត្រូវបានសាងសង់ឡើងរយៈពេល ១២ខែ នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARKA/S សហការជាមួយក្រុមហ៊ុនOriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.។
បន្ថែមពីនេះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម។
ទីលានចាកសំរាមថ្មីនេះ គ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូងនៅរណ្ដៅទី១ មានទំហំ ២,៩៤ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣.៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល ១០ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។
តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០នាក់ នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថានពីទីលានចាក់សំរាមមួយនេះ។
គួរបញ្ជាក់ថា គម្រោងទីលានចាក់សំរាមនេះ ស្ថិតក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។
ដោយឡែក ថ្មីៗនេះ រដ្ឋក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ផងដែរ។ (អានបន្ថែម)



- Video Advertisement -