ទីលានចាក់សំរាមស្ដង់ដាថ្មីមួយទំហំ ១០ ហិកតា គ្រោងសាងសង់នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម នឹងមានទីលានសម្រាប់ចាក់សំរាមស្ដង់ដារដ៏ធំមួយ លើផ្ទៃដីទំហំប្រមាណជា ១០ហិកតា ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងចុះសិក្សាកំណត់យកទីតាំងក្នុងស្រុកកំពង់សៀម ដើម្បីត្រៀមសាងសង់។
នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពេលចុះពិនិត្យទីតាំងផ្ទាល់ ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរការ ស្រុកកំពង់សៀម កាលថ្ងៃទី២៥ ខែសីហា កន្លងទៅ។
ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា តាមរយៈការពិនិត្យ និងចុះសិក្សាដំបូង ក្រុមការងារពិចារណាទីតាំងពីរកន្លែង ដោយទី១ ស្ថិតនៅក្នុងស្រុកកងមាស និងទី២ ស្ថិតក្នុងស្រុកកំពង់សៀម។
ប៉ុន្តែក្រោយពិនិត្យលម្អិត ទីតាំងនៅស្រុកកំពង់សៀម គឺជាដីរដ្ឋស្រាប់ ហើយជាដីទួលទំនេរ ទំហំប្រមាណជាង១០ហិកតា ដែលត្រូវស្តង់ដាររបស់ក្រសួងបរិស្ថានសម្រាប់សង់ទីលានចាក់សំរាម។
លើសពីនេះ ផ្អែកតាមការសិក្សាជាក់ស្ដែង ទីតាំងនោះ មានចម្ងាយឆ្ងាយពីលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមិនធ្វើឱ្យរងផលប៉ះពាល់បរិស្ថាន នោះឡើយ។
គួរបញ្ជាក់ដែរថា ខេត្តកំពង់ចាមមិនទាន់មានទីលានចាក់សម្រាមស្តង់ដារនោះទេ ដោយបច្ចុប្បន្ននេះគឺប្រើប្រាស់ទីលានចាស់របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងឃុំបូសខ្នុរ ស្រុកចំការលើ។ ហេតុនេះ ដើម្បីដោះស្រាយការកើនឡើងនៃសំរាមរបស់ខេត្តទាំងមូល គឺតម្រូវឱ្យរកទីតាំងថ្មីដើម្បីបន្ថែមសមត្ថភាពគ្រប់គ្រងសំរាម៕

