ធនាគារ អេស៊ីលីដា វិនិយោគ៣០លានដុល្លារ លើគម្រោងសាងសង់ព្រលានភ្នំពេញថ្មី
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចវិនិយោគ ៣០លានដុល្លារ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី តាមរយៈសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។
ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងអគ្គនាយករងក្រុមហ៊ុន CAIC លោក ឆារស៍ វ៉ាន់ និងនាយកប្រតិបត្តិធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ក្រោមអធិបតីភាពអ្នកឧកញ៉ាពុង ឃាវសែ។
អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់។
ទាក់ទិននឹងការគៀងគរទុននេះ សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវបន្ដជួយវិនិយោគមូលបត្របំណុលនេះ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកនេះ គឺស្របនឹងពាក្យស្លោក «ខ្មែរអាចធ្វើបាន» ពោលគឺចង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងស្រុក កសាងឡើងដោយថវិកាចេញពីក្នុងស្រុកផ្ទាល់។ (អានបន្ថែម)
មកទល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សាងសង់បានប្រមាណ ២៧% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។


