នាយកក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) របស់ជប៉ុន គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Fujita Ryoji នាយកក្រុមហ៊ុន ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ជាការឆ្លើយតបនឹងគម្រោងនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លើសពីនេះទៀត សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេសនាពេលអនាគតផង។
ក្រៅពីនេះ ចំពោះការងារផលិតកម្មរបស់ក្រុមហ៊ុនវិញ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចំនួន ០២ចំណុចរួមមាន (១) ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតា នៅតាមបណ្ដាប្រទេសផ្សេងៗទៀតផងដែរ និង (២) ពិនិត្យលទ្ធភាព និងពិចារណាលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា។
គួរបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ។ (អានបន្ថែម)
- Video Advertisement -