និម្មិតរូបសន្តិភាពខ្មែរ«វិមានឈ្នះ ឈ្នះ»គ្រោងនឹងបើកសម្ពោធនាខែធ្នូខាងមុខនេះ

វិមាននិម្មិតរូបនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជាឈ្មោះថា «វិមានឈ្នះ ឈ្នះ»បញ្ចប់ការសាងសង់ជាង ៨០ ភាគរយ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការក្នុងឱកាសខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News។

កាលពីព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៨សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការតាមដានដំណើរការនៃការសាងសង់វិមានឈ្នះឈ្នះដែលមានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ (ចម្ងាយប្រមាណ៦០០ម៉ែត្រពីសួនរង្វង់មូលលីយ៉ុងផាត់) រាជធានីភ្នំពេញ។

បើយោងតាមប្រភពដដែលនេះបានអោយដឹងថា ការសាង់សង់វិមានឈ្នះ ឈ្នះផ្នែកតួអគារ គឺសម្រេចបានជាង៨០ភាគរយទៅហើយ រីឯរូបចម្លាក់ទាក់ទងទៅនឹងប្រវត្តិសាស្រ្តនិងព្រឹត្តិការណ៍នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតដែលនឹងត្រូវដាក់តាំងនៅក្នុងវិមានក៏បានឆ្លាក់រួចរាល់ផងដែរ។
វិមានឈ្នះ ឈ្នះត្រូវបានកសាងឡើងក្នុងគោលបំណងដើម្បីជាកន្លែងរក្សានិម្មិតរូបនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកន្លងមកប្រទេសមួយនេះបានឆ្លងកាត់សង្រ្គាមដ៏រាំរៃជាច្រើនឆ្នាំ ព្រមទាំងបានសម្លាប់ជីវិតប្រជាជនរាប់លាននាក់។

លើសពីនេះទៅទៀតវិមាននេះក៏នឹងមានការដាក់បង្ហាញឯកសារប្រវត្តិសាសន៍នានាសំរាប់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរផងដែរ។

គួរបញ្ជាក់ផងដែរថា វិមានឈ្នះ ឈ្នះខាងលើនេះ ត្រូវបានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៦ កន្លងមកនេះ លើផ្ទៃដីប្រមាណជាង៨ហិកតាក្រោមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]