បច្ចុប្បន្ន៖ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រកៅស៊ូ ១៧៩កន្លែង បង្កើតការងារបាន១៤ម៉ឺនកន្លែង
គិតមកទល់ពេលនេះ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជាកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានរោងចក្រ និងសិប្បកម្មកែច្នៃចំនួន ១៧៩កន្លែង ដែលកំពុងដំណើរការនៅទូទាំងប្រទេស។ ការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៤ម៉ឺនកន្លែងផងដែរ។
នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក នៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន ៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែបចំនួន ៥៦កន្លែង, រោងចក្រកែច្នៃទឹកជ័រខាប់មានចំនួន ១កន្លែង, សិប្បកម្មកែច្នៃកៅស៊ូសន្លឹកមានចំនួន ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង។ ជាមួយនឹងឧស្សាហកម្មកៅស៊ូទាំងនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ កម្ពុជារកចំណូលពីការនាំចេញផលិតផលកៅស៊ូបានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង ៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨.០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។
តាមរយៈពិធីសម្ពោធរោងចក្រខាងលើ ក្រសួងកសិកម្ម ក៏ប្រកាសទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនលើវិស័យកៅស៊ូឱ្យកាន់តែច្រើនថែមទៀត ដើម្បីជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។
នៅពេលដែលប្រទេសកម្ពុជាពង្រឹងជំហររបស់ខ្លួនជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារកៅស៊ូពិភពលោក អនាគតដ៏ភ្លឺស្វាងសម្រាប់ឧស្សាហកម្ម និងកម្មកររបស់ខ្លួន។ ជាមួយនឹងការបន្តវិនិយោគ និងការច្នៃប្រឌិត កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់ប្រជាពលរដ្ឋរបស់ខ្លួន និងធ្វើឱ្យមានផលប៉ះពាល់ដ៏មានអត្ថន័យលើទិដ្ឋភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
- Video Advertisement -