បច្ចុប្បន្ន៖ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រ ២៣៥២ប្រព័ន្ធ អាចស្រោចស្របដីកសិកម្មបានជិត ២លានហិកតា នៅទូទាំងប្រទេស
គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខណៈរដ្ឋាភិបាលបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩ ៨៤៣ហិកតា។
នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងវេទិកាសារព័ត៌មាន ស្តីពី«ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា វិស័យធនធានទឹក គឺជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១.១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១.១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩.៨៤៣ ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា អាទិភាពរបស់ក្រសួង គឺក្រសួងប្តេជ្ញាបន្តការកសាងអាងទឹកតូចធំ ជួសជុល-ស្តារឡើងវិញ ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មី ដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ដើម្បីធានាដល់សន្តិសុខទឹកជូនប្រជាពលរដ្ឋកម្ពុជា។ពាក់ព័ន្ធនឹងវិស័យធនធានទឹកនេះ កាលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចវិនិយោគ ៦០លានដុល្លារពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ពិសេសក្នុងខេត្តចំនួន៥ សំដៅឈានទៅជួយផ្គត់ផ្គង់ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។ (អានបន្ថែម)
លើសពីនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួនបី ដើម្បីគ្រប់គ្រងធនធានទឹកក្នុងវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង គាំទ្របន្ថែមទៀតដល់ផលិតភាពកសិកម្ម និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ (អានបន្ថែម)
- Video Advertisement -