បន្ទាប់ពីមានការរញ្ជួយដីសម្លាប់មនុស្សអស់ជាង៤០០នាក់ប្រជាជនឥណ្ឌូនេស៊ីអំពាវនាវឲ្យ
រូបគំរូដោយ nl.wikipedia.org
បន្ទាប់ពីមានការរញ្ជួយដីដែលធ្វើឲ្យដួលរលំអគារបេតុងទំនើបដែលបានសម្លាប់ប្រជាជនអស់ជាច្រើននាក់និងធ្វើឲ្យប្រជាជនបាត់បង់ផ្ទះសម្បែងមក មានមនុស្សជាច្រើនបានអំពាវនាវឲ្យវិលត្រឡប់ទៅរកការសាងសង់សំណង់បែបបុរាណវិញដោយប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Associated Press បានឲ្យដឹងថាមានមនុស្សចំនួន ៤៣៦នាក់ បានបាត់បង់ជីវិតដោយសារការរញ្ជួយដីនៅថ្ងៃទី ៥ ខែសីហា នៅកោះ Lombok ដែលភាគច្រើននៃជនរងគ្រោះគឺត្រូវបានជាប់នៅក្នុងអគារបេតុង។ មនុស្សជាង ៣៥០.០០០នាក់បន្ថែមទៀតត្រូវបានបាត់បង់ផ្ទះសំបែង ហើយផ្ទះជាង ១០០.០០០ខ្នង ត្រូវបានបំផ្លាញគ្មានសល់។
ផ្ទះបែបប្រពៃណីរបស់ប្រជាជនឥណ្ឌូនេស៊ីគឺសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដូចជាឫស្សីឬឈើដែលសាងសង់ជាមួយនឹងសម្ភារតាមបែបប្រពៃណី និងបច្ចេកទេសខ្ពស់ ហើយភាគច្រើនផ្ទះទាំងនោះគឺនៅឈរទ្រឹងយ៉ាងរឹងមាំដដែលបន្ទាប់ពីមានការរញ្ជួយដី។
លោកសាស្ត្រាចារ្យវិស្វករ Yulianto Prihatmaji បានប្រាប់ទៅសារព័ត៌មាន VOA ថា«វាជាកាតព្វកិច្ចរបស់យើងក្នុងការរៀនបន្ថែមអំពីសិប្បកម្មឈើ និងវត្ថុធាតុដើមពីធម្មជាតិក៏ដូចជាវប្បធ៌មក្នុងស្រុក»។
លោកបានបន្ថែមទៀតថា «បទពិសោធន៍ពីមុនអាចជាចម្លើយសម្រាប់អនាគត។ ឧទាហរណ៍កាលពីអតីតកាល ផ្ទះគឺមានទំហំតូចជាងបច្ចុប្បន្ន ដូច្នេះវាជាការល្អដែលត្រឡប់ទៅសាងសង់ផ្ទះឈើវិញនាពេលអនាគត»។

