បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។
បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។
ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។
ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។
ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។
បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ ដោយឡែក ខណៈនេះ ក្រុមហ៊ុនកំពុងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ក្រោមជំនួយរបស់ក្រុមហ៊ុនហូឡង់ Sewell & Associates, Inc. (“NSAI”) ដែលជាអ្នកវាយតម្លៃលើអណ្តូងទាំង ៥ ឡើងវិញ។
គួរបញ្ជាក់ផងដែរថា លទ្ធផលការពិនិត្យដំបូងរបស់ NSAI រំពឹងថានឹងបញ្ចប់នៅខែមេសាឆ្នាំ ២០២១ នេះ។
ទាន់ទិននឹងគម្រោងអណ្តូងអប្សរានេះដែរ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy តាំងពីខែសីហា ឆ្នាំ២០១៧ មកម្លេះ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើចំណូលចេញពីការរុករកប្រេងនេះ។
បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ តែត្រូវបានពន្យារជាច្រើនលើកច្រើនសា មកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០។ (អានបន្ថែម)

