បារាំងបានជួយស្តារព្រែកចំនួន ១៥ នៅខេត្តកណ្តាល និងសង់ប្រព័ន្ធធារាសាស្ត្រធំៗជាច្រើន

តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា បារាំងបានជួយកែលម្អ និងជួសជុលស្តារឡើងវិញ​នូវ​ព្រែក​បានចប់ជាស្ថាពរ ចំនួន១៥ ក្នុងខេត្តកណ្តាល និងបានសាងសង់ប្រព័ន្ធធារាសាស្រ្តធំៗ​ក្នុងខេត្តមួយ​ចំនួន​ទៀត​ចាប់ពី​ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ។

នេះបើតាមការលើកឡើងក្នុងជំនួបរវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Sandrine Boucher ​នាយិកា​ថ្មី​របស់ AFD កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ក្រោមគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ របស់ AFD ​ក្រុមការងារ​គម្រោង បានសាងសង់​ប្រព័ន្ធធារាសាស្ត្រកង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបង​សម្រេច​បាន​ប្រមា​ណ ៣០% និង​សាង​សង់​​ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ សម្រេចបាន១១%។

ជាមួយគ្នានេះ​ កិច្ចសន្យាចំនួន៣ នៃអនុគម្រោងខាងលើ ត្រូវបានដេញថ្លៃរួចរាល់ និងកំពុងបន្ត​កិច្ចដំណើរ​ការចុះ​ហត្ថលេខា ហើយ ៦អនុគម្រោងដទៃទៀត កំពុងដំណើរការដេញថ្លៃនៅឡើយ។

ក្នុងជំនួបនេះផងដែរ លោកស្រី Sandrine Boucher នាយិកាថ្មីរបស់ AFD ដោយត្រូវជំនួសលោកស្រី Ophile BOURHIS បាន​ប្តេជ្ញា​ចិត្ត​​ក្នុងការបន្តអនុវត្តការងារលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីលើកកម្ពស់​វិស័យ​កសិកម្ម​នៅកម្ពុជា។

ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ សម្រាប់កិច្ចដំណើរការជំហានទី២ ដែល​នឹង​​​​អនុវត្ត​​ក្នុ​ងខេត្តដូចជា ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តកំពង់ស្ពឺ ។

- Video Advertisement -