បើកការដ្ឋានពង្រីកផ្លូវបាត់ដំបង-សិរិសោភ័ណជា៤គន្លង
កាលពីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់និងធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលមានប្រវែងប្រមាណ ៨៥គីឡូម៉ែត្រ។
ការដ្ឋានសាងសង់នេះគិតចាប់ពីគីឡូម៉ែត្រលេខ ២៨២+០០០ ទៅគីឡូម៉ែត្រលេខ ៣៦៧+៨០៤ ដោយពង្រីកផ្លូវទៅជា៤គន្លងទទឹង២៣ម និងចាក់បេតុងកៅស៊ូ (AC) កម្រាស់១៥សម។ ក្រៅពីការស្តារ និងពង្រីកកំណាត់ផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង០២ខ្សែផងដែរ ក្នុងនោះគឺមានផ្លូវវាង ក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ។
គម្រោងនេះនឹងប្រើរយៈពេល ៣៦ខែ ដោយចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០ ក្រោមថវិកាសរុបប្រមាណ ១៨៥ លានដុល្លារអាមេរិក ក្រោមគម្រោងឥន្ទទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនសាងសង់ដោយក្រុមហ៊ុន Tekken Taiyu Joint Venture និងក្រុមហ៊ុន Daiho Asanuma Joint Venture និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Katahira& Engineers International។
គម្រោងនេះជាដំណាក់កាលទី១នៃគម្រោងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ៥ទាំងមូល។ រីឯដំណាក់កាលបន្ទាប់ គឺពីព្រែកក្ដាមទៅខេត្តពោធិសាត់ ពោធិសាត់ទៅបាត់ដំបង និងចុងក្រោយពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត។
ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “ផ្លូវជាតិលេខ៥គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ចកើត-លិចទី២ ដែលមានសក្ដានុពល សម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាងទីក្រុងបាកក ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ”។
បន្ទាប់ពីសាងសង់រួច ផ្លូវជាតិលេខ៥នឹងជួយឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះមានភាពងាយស្រួលក្នុងការធ្វើដំណើរ បង្កើតមុខរបរ ពង្រីកមុខរបរ ស្របតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី “មានផ្លូវ មានសង្ឃឹម”។
នាឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលជប៉ុនដែលជានិច្ចជាកាល តែងតែផ្ដល់ជំនួយដល់ព្រះរាជាណាចក្រកម្ពុជា ទាំងជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់។ ទន្ទឹមនឹងនោះដែរ ឯកឧត្ដមបានសំណូមពរដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលមានភូមិស្ថាននៅតំបន់នោះ បន្តសហការ និងជំរុញឱ្យគម្រោងនេះសម្រេចបានជោគជ័យជាស្ថាពរ។


- Video Advertisement -