ប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ
Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីកម្មវិធី OpenUtilities ទៅជា OpenUtilities Substation+ ដែលជាកម្មវិធីបំពាក់ដោយលក្ខណៈពិសេស iTwin, បច្ចេកវិទ្យា AI, និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបែប Cloud ដើម្បីជួយបង្កើនសមត្ថភាព និងគ្រប់គ្រងបណ្ដាញអគ្គិសនី ឱ្យកាន់តែមានប្រសិទ្ធភាព។
យោងតាមលោក Michael Antonishen នាយកផ្នែកអភិវឌ្ឍន៍ផលិតផលនៅ Bentley Systems បានឱ្យដឹងថា Substation+ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំតែមួយប៉ុណ្ណោះ គឺការធ្វើឱ្យការរចនា សាងសង់ និងថែទាំបណ្ដាញអគ្គិសនី មានភាពងាយស្រួលជាងមុន ប៉ុន្តែមានប្រសិទ្ធភាព។
លោក Antonishen ថា កម្មវិធីរចនាប្លង់ ឬរៀបផែនការគម្រោងសំណង់អនុស្ថានីយ ឬបណ្ដាញអគ្គិសនីបច្ចុប្បន្ន គឺហួសសម័យហើយ ដែលវិស្វករត្រូវគូរប្លង់បែប 2D ឬពេលខ្លះ 3D តែខ្វះភាពរស់រវើក ដែលពិបាកក្នុងការស្រមៃថាសំណង់នោះនឹងមានប្រសិទ្ធភាពប៉ុនណា ឬនឹងទៅជាយ៉ាងណាពេលសាងសង់រួច។
លើសពីនេះ សម្រាប់បណ្ដាញអគ្គិសនីដែលមានស្រាប់វិញ ពិសេសបណ្ដាញដែលចាស់ៗវិញ ប្រព័ន្ធគ្រប់គ្រងដែលកំពុងប្រើបច្ចុប្បន្នភាគច្រើនគឺកាន់តែហួសសម័យទៀត។ ពេលមានបញ្ហាម្ដងៗ ត្រូវចំណាយពេលយូរដើម្បីដឹងថាបញ្ហាកើតឡើងនៅកន្លែងណា ខណៈក៏មិនសូវមានប្រសិទ្ធភាពក្នុងការបង្ការ និងស្វែងរកបញ្ហាជាមុនដែរ។
ប៉ុន្តែជាមួយនឹង Substation+ គ្រប់យ៉ាងធ្វើបានក្នុងកម្មវិធីតែមួយ។ Substation+ គឺជាកម្មវិធីគ្រប់ជ្រុងជ្រោយមួយដែលជួយអ្នកលើគ្រប់ដំណាក់កាល។
លោក Francois Valois អនុប្រធានជាន់ខ្ពស់ផ្នែកកម្មវិធីបើកចំហរបស់ Bentley Systems ថ្លែងសុន្ទរកថាក្នុងសុន្ទរកថាសំខាន់នៅថ្ងៃពុធ ទី១៥ ខែតុលា ក្នុងអំឡុងពេលពានរង្វាន់ Year in Infrastructure 2025 និង Going Digital Awards។ (រូបថតដោយ Bentley Systems)
សម្រាប់ដំណាក់កាលត្រៀមផែនការ អ្នកអាចរចនាប្លង់ដែលរវើកបាន ពោលគឺចេញជាប្លង់ 3D ដែលបង្ហាញលើទីតាំងពិតជាក់ស្ដែងៗ។ អ្នកអាចស្រមៃប្លង់បានដូចសំណង់នោះសង់រួចពិតៗដូច្នោះដែរ ហើយអ្នកអាចកែប្លង់ ហើយឃើញលទ្ធផលជាក់ស្ដែង ដែលជាការជួយសន្សំពេល ហើយមិនត្រូវកែលើការដ្ឋានជាក់ស្ដែង។ កម្មវិធីក៏នឹងជួយវិភាគថាប្រព័ន្ធអគ្គិសនីថ្មីនេះនឹងឆ្លើយតបនឹងតម្រូវការបានកម្រិតណា ចំណាយអស់ប៉ុន្មាន ប្រើកម្លាំងពលកម្មប៉ុនណា និងជួបឧបសគ្គអ្វីខ្លះ?
លើសពីនេះក្នុងអំឡុងពេលសាងសង់ កម្មវិធីក៏នឹងជួយគ្រប់គ្រងការដ្ឋានសំណង់បានដោយមានប្រសិទ្ធភាពផងដែរ។ គ្រប់ការងារដែលធ្វើនៅលើការដ្ឋាន នឹងធ្វើបច្ចុប្បន្នភាពលើប្លង់គំរូ iTwin ភ្លាមៗ ហើយគ្រប់ផ្នែកការងារអាចមើលឃើញគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ។ កត្តានេះអាចកាត់បន្ថយបញ្ហាតួលេខក្នុងបញ្ជី និងការងារក្នុងការដ្ឋាន មិនស៊ីគ្នា។
ប៉ុន្តែចំណុចដែលកម្មវិធីកាន់តែមានប្រយោជន៍គឺ ការគ្រប់គ្រងបណ្ដាញអគ្គិសនីចាស់ៗដែលមានស្រាប់។ កម្មវិធីនេះប្រើប្រាស់ឧបករណ៍ចាប់សញ្ញាដើម្បីស្វែងរកបញ្ហាដែលអាចនឹងកើត ហើយបញ្ជូនទិន្នន័យនោះឱ្យ AI មុននឹងជូនដំណឹងដល់ម្ចាស់គម្រោង។ នេះជួយឱ្យ យើងអាចដោះស្រាយបញ្ហាបែបង្ការផងដែរ ដោយមិនចាំបាច់ឱ្យខូចទើបមកដោះស្រាយតាមក្រោយ។
លើសពីនេះ សម្រាប់ឆ្នាំនេះ អ្វីដែលពិសេសបំផុតគឺ ប្រព័ន្ធ AI ដែលធ្វើជាលេខាសម្រួលឱ្យកម្មវិធីនេះស្រួលប្រើ ពោលគឺំិអ្នកមិនចាំបាច់មានចំណេះដឹងផ្នែកសំណង់ក៏អាចប្រើបាន ដោយគ្រាន់តែបញ្ជា AI ។ AI នេះ គឺឆ្លាតវៃណាស់ ដោយសារតែវាត្រូវបានហ្វឹកហាត់ដោយប្រើទិន្នន័យផ្នែកសំណង់បណ្ដាញអគ្គិសនីដោយផ្ទាល់ ដូច្នេះ គឺវាចេះពាក្យបច្ចេកទេស និងផ្ដល់ដំណោះស្រាយបានចំចំណុច។
ឧទាហរណ៍ វាដឹងថាអ្វីទៅជាឧបករណ៍បំលែងសៀគ្វី (circuit breaker) និងអ្វីជាឧបករណ៍បំលែងថាមពល (transformer)។ វាក៏យល់ដឹងអំពីន័យធៀប (semantic awareness) ការផ្ទៀងផ្ទាត់ការបោសសំអាត (clearance validation) និងការបញ្ចូលមេតាទិន្នន័យ (metadata integration) ផងដែរ។ ចំណុចទាំងនេះ យើងក្នុងនាមជាអ្នកប្រើមិនចាំបាច់យល់ទេ យើងគ្រាន់តែប្រើតែភាសាធម្មតាបញ្ជា តែវានឹងគណនាភាពស្មុគស្មាញ ហើយសម្រួលជាភាសាធម្មតាឱ្យយើងវិញ។
Antonishen និយាយថា៖ «ក្រុមក្រុមហ៊ុនអគ្គិសនីធំៗអាចធ្វើការលើគម្រោងតែមួយក្នុងពេលតែមួយ ឬលើគម្រោងច្រើននៅទីតាំងតែមួយក្នុងពេលតែមួយ នៅពេលសាងសង់ម៉ូដែលក្នុងដំណាក់កាលជាច្រើននៃវដ្តជីវិតគម្រោង។ កម្មវិធីនេះ ហៅថាជាប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា (combined ecosystem)»។
- Video Advertisement -