ប្រែក្លាយជាអាជីវកម្មដ៏ធំមួយចេញពីហេដ្ឋារចនាសម្ព័ន្ធដែលចាស់ទ្រុឌទ្រោមក្នុងប្រទ�

ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់អភិវឌ្ឍន៍នៅកម្ពុជាគឺជាឧបសគ្គចម្បងដែលរារាំងវិនិយោគិននិងអាជីវកម្មជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសម្ព័ន្ធអាជីវកកម្មកម្ពុជា-ចិនមួយ បានមើលឃើញភាពទ្រុឌទ្រោមនេះថាជាឱកាសមាស។

ក្រុមហ៊ុននៅកម្ពុជា World Bridge Land (Cambodia) Co., Ltd. និងក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (SGW) មកពីប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុករួមគ្នាជាមួយនិងចក្ខុវិស័យមួយក្នុងការផ្លាស់ប្តូរបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាទៅជាឱកាសអាជីវកម្មដ៏ធំមួយ។ សម្ព័ន្ធជាដៃគូរក្រុមហ៊ុននេះត្រូវបានរៀបចំឡើងដោយភាគីចិនមានភាគហ៊ុន ៦០ ភាគរយ និងភាគីកម្ពុជាមាន ៤០ ភាគរយ។

នៅពេលចុះហត្ថលេខាលើអនុស្សរណៈបណ្តាក់ទុនរួមគ្នា នៅរាជធានីភ្នំពេញ កាលដើមខែសីហា ក្រុមហ៊ុនទាំងពីរបានប្រកាសពីបំណងរបស់ខ្លួនក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍសាធារណៈជាច្រើនដែលនឹងជួយលើកកំពស់ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ប្រទេសកម្ពុជា។ គម្រោងដែលពួកគេកំណត់គោលដៅរួមមាន ស្ពាន ផ្លូវថ្នល់ និងអគារ ជាពិសេសគម្រោងដែលត្រូវធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន។

ក្រុមហ៊ុន World Bridge Land ដែលដឹកនាំដោយសេដ្ឋីអចលនទ្រព្យកម្ពុជា ឧកញ៉ា សៀ រិទ្ធី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុន ៣០ ផ្សេងទៀតនៅក្នុងក្រុមហ៊ុនមេរបស់លោក។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូធំៗចំនួនបីនៅរាជធានីភ្នំពេញ ដែលរួមមាន The Bridge, The Peak និង The Palms ។ ក្រុមហ៊ុននេះក៏បានពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងទីផ្សារអាស៊ានមួយចំនួនផងដែរ។

ក្រុមហ៊ុន SGW ដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០០១ និងមានមូលដ្ឋាននៅទីក្រុងប៉េកាំង ជាក្រុមហ៊ុនផ្តល់សេវាកម្មម៉ៅការវិស្វកម្មនៅក្នុងប្រទេសចិន និងនៅបរទេស។ គម្រោងធំៗរបស់ក្រុមហ៊ុនម៉ៅការយក្សនេះ មានសណ្ឋាគារ ការអភិវឌ្ឍលំនៅដ្ឋាន និងអគារសាធារណៈ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ SGW ដែលបានចេញផ្សាយមុនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនម៉ៅការសំខាន់សម្រាប់គម្រោងពីររបស់ក្រុមហ៊ុន World Bridge ដែលកំពុងដំណើរការ នោះគឺ The Bridge និង The Peak ។ The Bridge គឺជាអគារខុនដូដែលមានកម្ពស់ ៤៥ ជាន់ ដែលនឹងបើកឲ្យដំណើរការនៅដើមឆ្នាំ ២០១៨។ The Peak គឺជាអាគារកម្ពស់ ៥៥ជាន់ ដែលនឹងត្រូវចាប់ផ្តើមឆាប់ៗ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០។ ក្រុមហ៊ុន SGW ក៏ទទួលបានកិច្ចសន្យាតម្លៃ ២,៧ ប៊ីលានដុល្លារ ដើម្បីសាងសង់អគារពាណិជ្ជកម្ម Thai Boon Roong Twin Tower Trade Center កម្ពស់ ១៣៣ជាន់ នៅរាជធានីភ្នំពេញផងដែរ ហើយដែលអគារនេះនឹងជាអគារមួយក្នុងចំណោមអគារខ្ពស់ជាងគេនៅក្នុងតំបន់ក៏ដូចជាលើពិភពលោក។

ឧកញ៉ា សៀ រិទ្ធី បានមានប្រសាសន៍ថា “វាគឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ក្រុមហ៊ុន World​ Bridge Land ដែលបានសហការជាមួយក្រុមហ៊ុនចិន Sino Great Wall ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងការងារសំណង់” ហើយលោកបានបន្ថែមថា ប្រទេសកម្ពុជាត្រូវការសាងសង់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាជន និងអាជីវកម្ម។

លោកបានពន្យល់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាការបើកផ្លូវឲ្យក្រុមហ៊ុនទាំងពីរឈានចូលទៅក្នុងការវិនិយោគរួមគ្នានាពេលអនាគតដ៏ខ្លីខាងមុខ។ វាមិនមែនគ្រាន់តែជាអនុស្សរណៈយោគយល់ធម្មតានោះទេ។

លោក Liang Rong អនុប្រធានក្រុមហ៊ុន SGW បានមានប្រសាសន៍ថា “យើងពិតជាមានមធ្យោបាយ និងធនធានគ្រប់គ្រាន់ ដើម្បីអនុវត្តគម្រោងខ្នាតធំនៅកម្ពុជា ដោយដាក់បញ្ចូលបច្ចេកវិទ្យាទំនើបរបស់យើង។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសំអាងនៅក្នុងកាសែតខេមបូឌាដេលី ចុះថ្ងៃទី២៤ ខែកក្កដា នៅប្រទេសកម្ពុជា ផ្លូវថ្នល់និងស្ពានប្រហែល ៧០ ភាគរយ ត្រូវបានផ្តល់មូលនិធិដោយប្រទេសចិន រួមជាមួយនិងប្រាក់កម្ចីប្រហែល ២ ប៊ីលានដុល្លារ។

ប្រទេសកម្ពុជាមានផ្លូវជាតិប្រវែងប្រមាណ ១១.០០០ គីឡូម៉ែត្រ និងផ្លូវខេត្តប្រវែង ៤.៤០៧ គីឡូម៉ែត្រ​ ហើយមកដល់បច្ចុប្បន្ន ជាង ៤០ ភាគរយ នៃផ្លូវថ្នល់នេះគឺក្រាលកៅស៊ូ នេះបើយោងតាមរបាយការណ៍ ។

ក្នុងអំឡុងពេលត្រួតពិនិត្យការងារពង្រីកផ្លូវសម្រាប់ផ្លូវជាតិលេខ២ កាលពីដើមខែសីហា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាចំណាយប្រហែល ២០០ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់តែការងារថែទាំ និងជួសជុលបណ្តាញផ្លូវថ្នល់របស់ប្រទេស។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]