ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ នេះបើយោងតាមសារព័ត៌មាន The Straits Times។
គម្រោងរាមទីក្រុងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា ពោលគឺនឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និងអេកូទេសចរណ៍ថ្មីមួយ ដែលអាចទទួលយកអ្នកស្នាក់នៅដល់ទៅ ១៣០ ០០០ នាក់។
យោងតាមប្រភពដដែល ក្រុមហ៊ុន Canopy Sands Development បានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុនសិង្ហបូរី Surbana Jurong រៀបចំផែនការប្លង់មេ រចនាប្លង់ទីក្រុង និងធ្វើការងារវិស្វកម្មផ្សេងៗនៃគម្រោងនៅតាមឆ្នេរសមុទ្រ។ ហើយមកទល់បច្ចុប្បន្ន ផែនការមេត្រូវបានរៀបចំរួចរាល់ និងត្រូវបានអនុម័តហើយ។
លោក Yeo Choon Chong នាយកប្រតិបត្តិប្រចាំតំបន់អាស៊ានរបស់ Surbana Jurong បានប្រាប់ The Straits Time ថា ប្លង់មេនេះ ផ្ដោតសំខាន់ទៅលើការច្របាច់បញ្ចូលគ្នានៃធម្មជាតិ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធគម្រោង។
លោកបន្តថា៖ «ផ្នែកសំខាន់ៗនៃផែនការនេះរួមមាន ការបង្កើតឆ្នេរខ្សាច់ថ្មីដែលលាតសន្ធឹងប្រវែងពី ៦ គីឡូម៉ែត្រ។ ឆ្នេរដ៏វែងនេះ នឹងជាកន្លែងដែលក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ ដ៏សម្បូរបែបមួយ»។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវលើកយកមកពិភាក្សាជាមួយភាគីរដ្ឋម្ដងហើយ កាលពីខែកុម្ភៈឆ្នាំមុន ក្នុងកិច្ចប្រជុំរវាងឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរពាក់ព័ន្ធ។ (អានបន្ថែម)
បើយោងតាមផែនការដែលបង្ហាញដោយក្រុមហ៊ុន Canopy Sands Development គម្រោងនេះនឹងរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសិទ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា និងជាពិសេសទីលានវាយកូនគោលជាដើម។
គម្រោងនេះក៏នឹងរួមបញ្ចូលនូវការរៀបចំឆ្នេរខ្សាច់ស្អាតថ្មីចំនួន ២ឆ្នេរ ដែលឆ្នេរទាំង២ នេះនឹងបើកឱ្យប្រើប្រាស់ជាសាធារណៈ ក្រោយបញ្ចប់គម្រោង។
គួរបញ្ជាក់ផងដែរថា គម្រោងទីក្រុងរាមនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៏ទេសចរណ៍ពិសិដ្ឋនាគរាជ របស់ក្រសួងទេសចរណ៍ ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ៣ ០៨១ ហិកតា ។ គម្រោងនាគរាជនេះ គឺស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ជាមួយក្រុងព្រះសីហនុ ដែលនឹងតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ក៏ដូចជាព្រលានយន្តហោះ ទៅជាតំបន់សក្តានុពលសេដ្ឋកិច្ចដ៏ធំមួយ។
ស្របនឹងការអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ រដ្ឋាភិបាល កាលពីថ្មីៗនេះ ក៏បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិនផងដែរ។ (អានបន្ថែម)

រូបភាព៖ SURBANA JURONG/The Straits Times